ព័ត៌មានជាតិ

ចោរស្រីរូបស្រស់ ​លូក​ហោប៉ៅ​លួច​យក​ទូរស័ព្ទ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

​កំពង់ចាម: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​កំពង់ចាម​ឃាត់ខ្លួន​បាន​ភ្លាមៗ ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​ផ្សារ​ធំ​កំពង់ចាម វេលា​ម៉ោង​១៤​និង​៥០​នាទី ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​មានឈ្មោះ ថន សម្ផស្ស ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ស្វាយ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល ។ ក្នុងនោះ​កម្លាំង​បាន​ដកហូត​វត្ថុតាង​ទូរស័ព្ទ ២ គ្រឿង បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ។​

​ក្រោយ​ការសាកសួរ​ដៃដល់​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លូក​ហោប៉ៅ​លួច​យក​ទូរស័ព្ទ ចំនួន​២​គ្រឿង​របស់​ជនរងគ្រោះ​ប្រាក​ដន​មែន នៅ​ចំណុច​ក្នុង​ផ្សារ​ធំ​កំពង់ចាម ហើយ​ត្រូវ​ម្ចាស់​ដឹងខ្លួន​ទាន់​ទើប​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។​

​ជនល្មើស​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី តាម​បញ្ជា​របស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម និង​ប្រគល់​ទូរស័ព្ទ​ជូន​ម្ចាស់​វិញ ៕

មតិយោបល់