ព័ត៌មានជាតិ

កុងតឺន័របន្ថយល្បឿន ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនLM ខនគ្រីត បុកពីក្រោយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តលាយបេតុង១គ្រឿង បានរងការខូចខាតយ៉ាងដំណំ ដោយសារតែបុកពីក្រោយរថយន្តដឹកទូកុងតឺន័រ១គ្រឿង ខណៈដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាក្នុងល្បឿនលឿន ហើយពេលនោះមានរថយន្ត១គ្រឿង ផ្សេងទៀតបើកឆ្លងផ្លូវកាត់មុខ រថយន្តដឹកកុងតឺន័របានបន្ថយល្បឿន ដែលជាហេតុធ្វើឲ្យរថយន្តលាយបេតុងវ៉ាក់អើជាន់ហ្វ្រាំងឈប់មិនទាន់ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តដឹកកុងតឺន័រនោះតែម្ដង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចកែងផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តលាយបេតុងដែលរងការខូចខាត ដោយសារតែបុកពីក្រោយរថយន្តកុងតឺន័រនោះ របស់ក្រុមហ៊ុនLM ខនគ្រីត ម៉ាកហ៊ីណូ ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ព្រះសីហនុ5A-0074 រងការខូចខាតកាប៊ីនខាងស្ដាំ។ ចំណែករថយន្តដឹកកុងតឺន័រម៉ាកហ៊ីណូពណ៌ខៀវ លាយទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ3A-0516 កន្ទុយសណ្តោងពាក់ស្លាកលេខ ភ្នំពេញ4A 0516 ដោយឡែកអ្នកបើកបររថយន្តទាំង២មិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តទាំង២គ្រឿងនោះ បានបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នា ដោយរថយន្តដឹកកុងតឺន័របើកខាងមុខ រីឯរថយន្តលាយបេតុងបើកតាមក្រោយ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត១គ្រឿងផ្សេងទៀតបើកឆ្លងផ្លូវកាត់មុខ ហើយរថយន្តកុងតឺន័របានជាន់ហ្វ្រាំងបន្ថយល្បឿនយ៉ាងប្រថុចញ៉ុច ដែលជាហេតុធ្វើឲ្យរថយន្តលាយបេតុងវ៉ាក់អើ ជាន់ហ្វ្រាំងឈប់មិនទាន់ក៏បានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹង បណ្ដាលឲ្យរងការខូចខាតដាច់មុខមួយចំហៀងខាងស្ដាំយ៉ាងដំណំ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះសំណាងខ្លាំងណាស់ដែលមិនបានបណ្ដាលឲ្យអ្នកបើកបររថយន្តរថយន្តលាយបេតុងនិងព្រូរងគ្រោះថ្នាក់នោះឡើយ ហើយក្រោយពេលកើតហេតុភាគីទាំង២បានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុនោះតែម្ដង៕

https://youtu.be/XwZckbjJLUs

មតិយោបល់