ភ្នំពេញៈ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលចង្កូតទៅបុក រថយន្តម៉ាកFUSO ដែលកំពុងចតនៅលើចំណីផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ តុង ឆេង ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរចុងភៅ នៅភោជនីយដ្ឋាន ជនោរក្បាលកោះ ស្នាក់ផ្ទះជួលម្តុំបឹងត្របែក ស្រុកកំណើតភូមិអូ ស្រុកជុំគីរី ខេត្តកំពត ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក FUSO ប្រភេទដឹកទូកុងតឺន័រ ពណ៌ត្រួយចែក ពាក់ស្លាកលេខ ភ្នំពេញ 3E-3804 បាននៅលើចំណីផ្លូវវេងស្រេង ត្រង់ចំណុចកើតហេតុ ក្រោយមកក៏មាន បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ អត់មានស្លាកលេខ បានធ្វើដំណើរយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូត ទៅបុកនឹងរថយន្តពីក្រោយពេញទំហឹង ធ្វើឲ្យម៉ូតូចូលក្រោមរថយន្តរងការខូចខាត រីឯជនរងគ្រោះ បានបោកក្បាលនឹងរថយន្តស្លាប់ភ្លាមៗតែម្តង។
ក្រោយមក ប្រជាពលរដ្ឋ បានរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យ ចុះមកកន្លែងកើតហេតុ និងធ្វើការវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់