ភ្នំពេញ៖ មន្ត្រីស្ថានទូតអូស្ដ្រាលីម្នាក់កំពុងបើកបររថយន្តត្រូវបានខ្មាន់កាំភ្លើង៤នាក់ជិះម៉ូតូ២គ្រឿងបាញ់ប្រហារចំនួន៣គ្រាប់ចូលក្នុងរថយន្ត បណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រលប់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៤ នៅចំណុចក្បែររបងវត្តដំបូកខ្ពស់ ផ្លូវលេខ៦៩បេតេ ស្ថិតនៅក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហាន វុទ្ធី អាយុ៥៩ឆ្នាំជាមន្ត្រីស្ថានទូតអូស្ត្រាលី ស្នាក់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។
បើតាមសម្តីសមត្ថកិច្ចមូលដ្ឋានដែលចុះទៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរី ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6664 ធ្វើដំណើរតាមផ្លូវលេខ៦៩បេតេ តែម្នាក់ឯង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿងមិនចាំម៉ាក ដោយមួយគ្រឿងបានជិះមកជិតអែបខាងឆ្វេងរថយន្ត ហើយក៏ដកកាំភ្លើងខ្លីមួយដើមបាញ់សំដៅទៅក្នុងរថយន្តចំនួន៣គ្រាប់ ត្រូវចំកញ្ចឹងកជនរងគ្រោះចំនួន២គ្រាប់រងរបួសធ្ងន់ បន្ទាប់ពីជនសង្ស័យបាញ់ប្រហាររួចក៏ជិះម៉ូតូគេចខ្លួនបាត់អស់ ហើយជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាយ័នភ្លាមៗ តែដោយសាររបួសធ្ងន់ធ្ងរពេកក៏ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់។
សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អំពីករណីខាងលើនេះថាបណ្តាលពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ។ បើតាមសម្តីលោក គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា ករណីបាញ់ប្រហារនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ប៉ុន្តែបើតាមការសន្និដ្ឋានជាជំហ៊ានដំបូងទំនងជារឿងគំនុំ ព្រោះជនរងគ្រោះត្រូវជនសង្ស័យបាញ់សំដៅទៅលើបណ្ដាលអោយរងរបួសហើយគេចខ្លួនបាត់ដោយមិនបានយកអ្វីពីជនរងគ្រោះនោះទេ ។បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យខាងលើ៕
មតិយោបល់