ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយ សមត្ថកិច្ចនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អាំ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះគ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ។
ប្រតិបត្តិការនេះ ធ្វើទ្បើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចសណ្ឋាគារឡាក់គីស្តា ឈូកទិព្វ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សម្ភារៈដកហូតបាន៖ ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០៣ ដង្កាប់ចំនួន០១ ដែកឆាបចំនួន០១ ដែកចំពុះទុងដកឈើចំនួន០១ សោរខ្សៀលេខ៨ចំនួន០៤ កូនសោរម៉ូតូចំនួន០៥ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច កាបូបស្ពាយពណ៌សូកូឡាចំនួន០១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀន។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ ឈ្មោះ អាំ ប្រុស បានឆ្លើយសារភាពប្រាប់ សមត្ថកិច្ចថា រូបគេ និងបក្ខពួកម្នាក់ទៀត ឈ្មោះ រ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1CB-4189 នៅចំណុចកែងផ្សារទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ពីសួរនាំរួចសមត្ថកិច្ច ក៏បានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌចំការមន ប្រគល់ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ឲ្យទៅសមត្ថកិច្ចនគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕
មតិយោបល់