ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចទូរស័ព្ទជនជាតិចិន នៅភូមិក្នុងកាស៊ីណូ១៨ជាន់

បន្ទាយមានជ័យ: នៅវេលាម៉ោង ២០ និង ៣០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបបានករណី លួច (ទូរស័ព្ទ) ឃាត់ខ្លួនជនសង្ស័យម្នាក់។

យោងពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ចេង ជាងចាំង ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅភូមិក្នុងកាស៊ីណូ១៨ជាន់ បន្ទប់លេខ ៩៨៨៨ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ៖ នៅចន្លោះពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ខ្លួនបានបាត់ទូរស័ព្ទចំនួន ០៦គ្រឿង ដែលសាកថ្មទុកចោលក្នុងបន្ទប់ ។
ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះធ្វើការស៊ើបអង្កេត និងឆែកមើលកាមេរ៉ាសុវត្ថិភាពរបស់កាស៊ីណូ ទើបអាចកំណត់មុខសញ្ញាជនសង្ស័យ យកមកសាកសួរ និងឃាត់ខ្លួនបានម្នាក់ ឈ្មោះ សំ សាវឿន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។ បន្ទាប់ពីកម្លាំងជំនាញ ធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបានលួចយកទូរស័ព្ទពីក្នុងបន្ទប់លេខ ៩៨៨៨ ចំនួន ០៦គ្រឿងប្រាកដមែន ហើយយកទៅលក់ក្នុង ០១គ្រឿងបានតម្លៃពី ៨ម៉ឺនរៀល ទៅដប់ម៉ឺនរៀល ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់