ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ ប្រដាប់ដោយដាវដំបង និងដុំថ្ម បានមកវាយគប់ បណ្ដាលឲ្យស្រ្ដីម្នាក់ រងរបួស ព្រមទាំងខូចខាតសម្ភារៈផ្សេងទៀត

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ក្រុមជនសង្ស័យ៤នាក់ ប្រដាប់ដោយដាវ ដុំថ្ម ដំបង បានមកធ្វើសកម្មភាពវាយនិងគប់សំដៅចូលទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យស្រ្ដីម្នាក់រងបួស រីឯសម្ភារៈផ្សេងទៀតទទួលរងការខូចខាត បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់ លុះព្រឹកឡើង សមត្ថកិច្ចស្រុកមុខកំពូល ចាប់ខ្លួនបានម្នាក់ រីឯ៣នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៤០នាទី ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សុទ្ធ យ៉ាន ស្ថិតក្នុងភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

មន្រ្ដីនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនសង្ស័យសរុបមានគ្នា៤នាក់ ចាប់ខ្លួនបានម្នាក់ឈ្មោះ រឿន ធឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ ចំណែកជនសង្ស័យគ្នា៣នាក់ទៀតរត់គេចខ្លួន ទី១.ឈ្មោះ ហៅ រតន: ហៅណាក់ ប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទី២.ឈ្មោះ ផៃ សិរីរត្ន័ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និងទី៣.ឈ្មោះ សាយ បារាំង ហៅយ៉ាំង ជនជាតិខ្មែរ មុខរបរកម្មករ ។ ជនសង្ស័យទាំង៤នាក់ ខាងលើមានទីលំនៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះមានគ្នា៣នាក់ ទី១.ឈ្មោះ យ៉ាន ស្រី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសស្រាលដើមដៃខាងស្ដាំ១កន្លែង) ទី២.ឈ្មោះ ប្រាជ្ញ បញ្ញា ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី៣.ឈ្មោះ ប្រាជ្ញ សីហា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ (របួសស្រាលរលាត់ស្បែក លើដកកាំបិតខាងស្ដាំ១កន្លែង) ។ ជនរងគ្រោះទាំង៣នាក់ខាងលើនេះ មានទីលំនៅភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល ។
ដោយឡែកសម្ភារៈ ដែលទទួលរងការខូចខាតមាន៖ បែកកញ្ចក់ទ្វាឡានខាងមុខ ចំហៀងខាងស្ដាំចំនួន១ ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ច ធ្វើការដកហូតបានមាន៖ ដំបងឈើមូលចំនួន៥ដើម ,បំណែកដុំឥដ្ឋប្រហោង៣ដុំ និងដុំថ្ម២ដុំ ។

ប្រភពដដែលបន្ដថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ២០ ជនរងគ្រោះឈ្មោះ ពុទ្ធ ធារ:យុទ្ធ និងឈ្មោះ ប្រាជ្ញ បញ្ញា បានជិះម៉ូតូឌុបគ្នា ទៅមើលគេរាំធុងបាស់ នៅមុខវត្តពាម ខណៈនោះ ស្រាប់តែជនសង្ស័យឈ្មោះ ផៃ សិរីរត្ន័ បានដើរសំដៅមករកវាយជនរងគ្រោះឈ្មោះ ប្រាជ្ញ បញ្ញា ភ្លាមនោះជនរងគ្រោះ ឈ្មោះ ប្រាជ្ញ បញ្ញា និងឈ្មោះ ពុទ្ធ ធារ:យុទ្ធ ក៏គេចដើរចេញមកយកម៉ូតូនាំគ្នា ជិះត្រឡប់ទៅផ្ទះទៅ ។

លុះជិះមកដល់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈរបស់ឈ្មោះ សាំង ស៊ីម ក៏បានឃើញ ជនសង្ស័យទាំង៤នាក់ខាងលើ ជិះម៉ូតូជាច្រើនគ្រឿង នាំគ្នាស្ទាក់ផ្លូវជនរងគ្រោះ ឃើញដូច្នោះ ជនរងគ្រោះ បានបើកម៉ូតូរត់ចូល ទៅលាក់ខ្លួននៅផ្ទះឈ្មោះ សុទ្ធ យ៉ាន ស្ថិតក្នុងភូមិក្រោលគោ ឃុំសំបួរមាស រួចទូរសព្វ័ហៅស្រ្ដីរងគ្រោះឈ្មោះ យ៉ាន ស្រី ត្រូវជាម្ដាយ និង បងប្រុសឈ្មោះ ប្រាជ្ញ សំណាង អោយបើកឡានមកយកខ្លួន ទាំងពីរនាក់ទៅផ្ទះ ព្រោះមានគេស្ទាក់វាយតាមផ្លូវ ភ្លាមនោះស្រ្ដីឈ្មោះ យ៉ាន ស្រី និងឈ្មោះ ប្រាជ្ញ សំណាង បានបើកឡានយកកូន នៅកន្លែងកើតហេតុ ភ្លាមនោះ ក្រុមជនសង្ស័យ បានមកដល់ដោយមានកាន់ដំបង ,ដុំថ្ម និងដាវសាំម៉ូរ៉ៃ បានធ្វើសកម្មភាពគប់ផ្ទះ និងឡានជនរងគ្រោះ បណ្ដាលឲ្យត្រូវស្រ្ដីរងគ្រោះ ឈ្មោះយ៉ាន់ ស្រី ចំដើមដៃខាងស្ដាំចេញឈាម និងបែកកញ្ចក់ឡានទ្វាមុខខាងស្ដាំ ភ្លាមនោះក៏ផ្អើលដល់ប្រជាពលរដ្ឋជិតខាងមកជួយ ឃាត់ ទើបក្រុមជនសង្ស័យ រត់បែកចេញពីគ្នាទៅផ្ទះរៀងៗខ្លួនបាត់អស់។ លុះមកដល់ថ្ងៃទី១. ២០១៩ វេលាម៉ោង០៩ និង ៣០នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិរដ្ឋបាលសំបួរមាស។

ក្រោយពីទទួលបណ្ដឹងរួចមកសមត្ថកិច្ចប៉ុស្តិ៍ បានស្វែងរកជនសង្ស័យ ហើយបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ រឿន ធឿន បញ្ជូនមកប៉ុស្តិ៍ ដើម្បីសាកសួរ ចំណែកជនសង្ស័យ៣នាក់ទៀត និងបក្ខពួកបានគេចខ្លួន។ ករណីនេះ ផ្នែកជំនាញសហការ ជាមួយប៉ុស្តិ៍កំពង់ស្រាវជ្រាវ តាមរកមុខសញ្ញាបន្ត៕

មតិយោបល់