កំពង់ធំៈ ហេតុការណ៍ដ៍សាហាវមួយនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាករណីឃាតកម្មបង្កឡើងដោយបុរសម្នាក់ បានកាប់សម្លាប់មិត្តភក្តិខ្លួន ឯង ចំនួន២នាក់ បណ្តាលឲ្យស្លាប់ត្រូវចំ៩កន្លែង ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ និងម្នាក់ទៀត រងរបួសធ្ងន់កំពុងសម្រាកព្យាបាល។
ជនសង្ស័យខាងលើ មានឈ្មោះ ម៉ៅ ម៉ៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ជនរងគ្រោះមានឈ្មោះ ទិត រិន ភេទប្រុស អាយុ៤៣ឆ្នាំ រងរបួសចំនួន៩ កន្លែង ស្លាប់ក្នុងថ្លុកឈាម និងជនរងគ្រោះទី២ ឈ្មោះ រិន វិត ភេទប្រុស អាយុ១៨ឆ្នាំ របួសលើភ្នែកគោលខាងឆ្វេង។
សមត្ថកិច្ចដកហូតបាន ពូថៅ ចំនួន១។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានមកអង្គុយ លេងជាមួយជនរងគ្រោះ នៅក្រោមផ្ទះរបស់ជនរងគ្រោះ មួយសន្ទុះក្រោយមកម្តាយជនសង្ស័យបានមកស្តីបន្ទោសឲ្យជនសង្ស័យ រួចក៏ដើរចេញទៅបាត់។ ចំណែកជនរងគ្រោះក៏ដើរទៅអោយចំណីមាន់នៅក្រោយផ្ទះ រួចហើយក៏មកអង្គុយលៀងដៃ និងដុសធ្មេញនៅអែបពាងទឹកក្រោយផ្ទះ ស្រាប់តែជនសង្ស័យបានទាញយកពូថៅដៃ ពីក្រោមគ្រែ ដើរទៅកាប់ជនរងគ្រោះជាច្រើនពូថៅ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង និងម្នាក់ទៀតរងរបួសធ្ងន់។
តាមការសន្និដ្ឋាន ករណីនេះ សង្ស័យជនដៃដល់បែកថ្នាំញៀន ព្រោះពួកគេគ្មានទំនាស់នឹងគ្នានោះទេ ។
ក្រោយកើតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់