ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានសហការជាមួយក្រសួងនគរបាលវៀតណាម ជួយសង្រ្គោះនារីខ្មែររងគ្រោះចំនួន៥នាក់ ដែលត្រូវបានមេខ្យល់ជួញដូរយកទៅរៀបការជាមួយបុរសជនជាតិចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម ឲ្យបានត្រឡប់មកកម្ពុជាវិញ។
ស្រ្តីខ្មែររងគ្រោះទាំងនោះ គឺទី១ឈ្មោះ ល.ស.ម អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង (មេខ្យល់សន្យាផ្តល់ប្រាក់ ៨៤០ដុល្លារអាមេរិក តែពុំទាន់បានទទួលទេ)។ ទី២ឈ្មោះ ដ.រ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង (មេខ្យល់សន្យាផ្តល់ប្រាក់១០០០ ដុល្លារអាមេរិក តែពុំទាន់បានទទួលទេ)។ ទី៣ឈ្មោះគ.ហ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម(មេខ្យល់សន្យាផ្តល់ប្រាក់ ១៥០០ ដុល្លារអាមេរិក តែទទួលបានតែ២០០ដុល្លារ)។ ទី៤ឈ្មោះ ស.ធ អាយុ១៦ឆ្នាំ និងទី៥ឈ្មោះ ឈ.រ អាយុ១៧ឆ្នាំ។
នារីខ្មែររងគ្រោះទាំង៥នាក់ បានធ្វើដំណើរពីកម្ពុជាទៅដល់ប្រទេសវៀតណាម តាំងពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ហើយត្រូវបានមេខ្យល់បញ្ជូនបន្តទៅកាន់ប្រទេសចិន ដោយធ្វើដំណើរតាមទូក ប៉ុន្តែត្រូវបានប៉ូលិសចិននិងនគរបាលព្រំដែនវៀតណាម ទប់ស្កាត់។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្ថានទូតកម្ពុជាក៏បានសម្របសម្រួលជាមួយអាជ្ញាធរវៀតណាម បញ្ជូននារីរងគ្រោះ មកទីក្រុងហាណូយ នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ ២០១៦។
នារីខ្មែរទាំង៥នាក់ បានស្នាក់នៅនិងទទួលបានការគាំពារពីអង្គការអន្តរជាតិនាគខៀវរបស់វៀតណាមមួយរយៈ ដើម្បីសហការជាមួយនគរបាលវៀតណាម ក្នុងការស្រាវជ្រាវរកមេខ្យល់មកផ្តន្ទាទោស។
ក្រោមការរៀបចំរបស់ស្ថានទូតកម្ពុជា នារីទាំង៥នាក់ខាងលើ បានធ្វើដំណើរពីទីក្រុងហាណូយ នៅថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៦ តាមជើងយន្តហោះលេខ VN7271 និងបានទៅដល់ទីក្រុងហូជីមីញនៅម៉ោង ១១:២៥ នាទី។ បន្ទាប់មក មន្រ្តីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ បានជូនដំណើរនារីរងគ្រោះតាមរថយន្ត ទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅវេលាម៉ោង៣រសៀល ថ្ងៃដដែល ហើយបានប្រគល់ជូន អាជ្ញាធរកម្ពុជា បន្តជូនដំណើរមកទីក្រុងភ្នំពេញ។
ពាក់ព័ន្ធនឹងការជួយសង្គ្រោះនេះដែរ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចិនជួយសង្គ្រោះនារីខ្មែរឈ្មោះ ខ.ទ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង ឲ្យបានត្រឡប់មកកម្ពុជាវិញ។ នារីរងគ្រោះ ត្រូវបានបុរសជនជាតិចិនម្នាក់នាំទៅប្រទេសចិន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២ ដោយបានលួងលោមថា នាំទៅដើរលេង និងណែនាំឲ្យឳពុកម្តាយនៅប្រទេសចិនស្គាល់ មុនចូលស្តីដណ្តឹងតាមច្បាប់។
នារីរងគ្រោះ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៥:២០នាទី តាមជើងយន្តហោះលេខK6669៕
មតិយោបល់