ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ ករណីនាំយកគ្រឿងញៀន ៣កញ្ចប់ធំ ចូលមកកម្ពុជា

ស្ទឹងត្រែង: យោងតាមផេកមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ចេញផ្សាយនគរបាលព្រំដែនអន្តរជាតិត្រពាំងគ្រៀល បានចុះប្រតិបត្តិការបង្រ្កាប ករណីគ្រឿងញៀន កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅចំនុចប៉ុស្តិ៍ព្រំដែនចាស់ ចម្ងាយ៤គីឡូម៉ែត្រនៃច្រកអន្តរជាតិ ត្រពាំងគ្រៀល កម្ពុជា ឡាវ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយមានកម្លាំងសហការ រវាងតម្រួតឡាវ និងកម្លាំងនគរបាលព្រំដែន (BLO) ។

ជាលទ្ធផលបានឃាត់ខ្លួន ជនសង្ស័យជនជាតិឡាវម្នាក់ ពីបទនាំយកគ្រឿងញៀន ៣កញ្ចប់ធំ ពីប្រទេសឡាវចូលមកកម្ពុជា។

ជនសង្ស័យឈ្មោះ សា វី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ រស់នៅភូមិឡាក់សៅ ស្រុកខាំកឺប ខេត្តបូលីខាំសៃ ប្រទេសឡាវ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីសាកសួរបន្ត និងកសាងសំនុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់