ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យម្នាក់ ករណីគាស់ផ្ទះពលរដ្ឋប៉ងលួចទ្រព្យសម្បត្តិ និងរក្សាទុកខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញៈ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីព្រឹក បង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងលួច មានស្ថានទម្ងន់ទោស ដោយសារការគាស់ទំលុះទំលាយ ឆ្កឹះមេសោផ្ទះបម្រុងចូលលួចយកទ្រព្យសម្បត្តិ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចបុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ១/ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច, ២/មេសោសូលិចចំនួន០១, ៣/ចង្កឹះសោសូលិចចំនួន០៣ ។

ហេតុការណ៍៖ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ដង្កោ ដល់ចំណុចបុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះក៏បានឃើញជនសង្ស័យឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស អាយុ២៤ឆ្នាំ កំពុងបើកទ្វារសំណាញ់ខាងក្រៅ ដើរចូលទៅខាងក្នុង រួចទាញគន្លឹះទ្វារផ្ទះរបស់ប្រជាពលរដ្ឋ មិនស្គាល់ឈ្មោះ បម្រុងចូលលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ មិនស្គាល់ឈ្មោះ ព្រោះសមត្ថកិច្ចមិនអាចទាក់ទងជនរងគ្រោះបានឡើយ ។ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើការឆែកឆេររកឃើញវត្ថុតាងរួមមាន៖ ១/ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច, ២/មេសោសូលិចចំនួន០១, ៣/ចង្កឹះសោសូលិចចំនួន០៣ នៅលើខ្លួនជនសង្ស័យ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានបើកទ្វារសំណាញ់ខាងក្រៅ ដើរចូលទៅខាងក្នុង រួចទាញគន្លឹះទ្វារផ្ទះរបស់ប្រជាពលរដ្ឋ បម្រុងចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាច្រើនលើក ហើយបានទិញថ្នាំញៀនចំនួន០១កញ្ចប់ថង់តូចតម្លៃ១០ ដុល្លារអាមេរិក ទុកសម្រាប់ជក់ ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់