កណ្ដាលៈ មានករណីប្រើប្រាស់ហិង្សាមួយកើតឡើង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង១៥នាទី ស្ថិតក្នុងភូមិរាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ កែវ គន្ធា ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ រស់នៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ផន ចាន់ដារ៉ាស៊ី ហៅហ៊ីង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងដកហូតបាន៖
-កៅអីជ័រមួយពណ៌ខៀវ
-ដំបងឫស្សីប្រវែង ១១៥ស.ម ។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះទៅលេងផ្ទះមិត្តភក្តិបងស្រី នៅភូមិខាងលើ ពេលកំពុងហូបចុកជាមួយគ្នា ស្រាប់តែជនសង្ស័យ ជិះម៉ូតូម៉ាក វីវ៉ា មួយគ្រឿងចូលមក ខណៈនោះជនសង្ស័យឃើញជនរងគ្រោះ ក៏ទាញដំបងឫស្សី សំដៅមកវាយលើជនរងគ្រោះ តែត្រូវអ្នកអង្គុយជិតចាប់ទាន់ ក៏ស្ទុះទៅយកកៅអីជ័រ វាយទៀតតែមិនបានសម្រេច ភ្លាមនោះជនសង្ស័យបានទាញជនរងគ្រោះទម្លាក់ពីលើគ្រែ ហើយវាយទាត់ធាក់ជាច្រើន បណ្តាលឲ្យមានស្លាកស្នាមលើថ្ពាល់ខាងឆ្វេង ចង្ការខាងស្តាំ កែងដៃខាងស្តាំ និងជាំភ្លៅខាងឆ្វេង រួចគំរាមសម្លាប់ជនរងគ្រោះទៀតផង បន្ទាប់មករត់ឡើងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅស្នងការនគបាល ដើម្បីអន្តរាគមន៍។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់