ព័ត៌មានជាតិ

លួចទូរស័ព្ទតម្លៃជាង ១,០០០ដុល្លារ ទៅបញ្ចាំដាច់ជាង ៥០០ដុល្លារសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ចំណុចមុខវត្តទួលសន្តិវ័ន្តក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែ្រលេខ៦ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ ជនសង្ស័យជាជាងឈើម្នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីរូបគេធ្វើសកម្មភាពលួចទូរស័ព្ទដៃម៉ាកសាំសុងS10 Plus តម្លៃជាង ១,០០០ដល្លារហើយយកទៅបញ្ចាំដាច់ក្នុងតម្លៃជាង ៥០០ដុល្លារនៅកន្លែងបញ្ចាំមួយកន្លែងក្នុងសង្កាត់ទួលសង្កែទី១។

ជនសង្ស័យឈ្មោះ ទូច សំអាត ស្នាក់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សម្ភស្ស កញ្ចនា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២០៥B ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បើតាមការរៀបរាប់ពីនារីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យជាជាងផ្ទះ បានជួសជុលផ្ទះរបស់គាត់ តាំងពីជាងមួយឆ្នាំមុន ខណៈវាយសេឡេចមិនទាន់រួចផង ក៏បានចេញទៅបាត់លុះរហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្រាប់តែជនសង្ស័យជាជាងផ្ទះខាងលើ មកគោះទ្វារផ្ទះគាត់ធ្វើសេឡេចទៀត ដោយគាត់ម្ចាស់ផ្ទះបានទុកទូរស័ព្ទលើតុ ហើយរវល់យកកូនទៅឲ្យបត់ជើងក្នុងបន្ទប់ទឹក ពេលចេញមកវិញរយៈពេលតែមួយភ្លែតសោះ ឃើញជននោះជិះម៉ូតូចេញទៅបាត់ហើយក្រឡេកមើលទូរស័ព្ទបាត់ដែរ
បន្ទាប់ពីទទួលពាក្យបណ្តឹងសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ស្រាវជ្រាវ រហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

ក្រោយពីសមត្ថកិច្ចសួរនាំរួចជនសង្ស័យបានសារភាពថា ពិតជាបានលួចទូរស័ព្ទនោះមែន ដោយបានយកទៅបញ្ចាំដាច់ក្នុងតម្លៃជាង ៥០០ដុល្លារ នៅផ្ទះបញ្ចាំមួយកន្លែងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ តែពេលសមត្ថកិច្ចនាំជនសង្ស័យទៅ និងសួរនាំទៅអ្នកទទួលបញ្ចាំនោះ សមត្ថកិច្ចឲ្យដឹងថា លក់ចេញបាត់ហើយ រួចសមត្ថកិច្ចក៏នាំជនសង្ស័យដែលលួចទូរស័ព្ទខាងលើ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ សាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


មតិយោបល់