ភ្នំពេញៈ ម៉ូតូសេ១២៥មួយគ្រឿង ត្រូវបានចោរលួចកាច់ក យកទៅបាត់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នៅក្បែរវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ លុះព្រឹកឡើងម្ចាស់ដឹងថាបាត់ រត់ទៅប្តឹងសមត្ថកិច្ច។
ដោយម៉ូតូមានភ្ជាប់ប្រព័ន្ធ GPS ស្រាប់តែនៅវេលាម៉ោង៣រសៀល ថ្ងៃទី០៥ ដដែលនេះ ឆែកឃើញដឹងគោលដៅ ស្ថិតនៅទីតាំងមួយកន្លែងក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ទើបកម្លាំងជំនាញខណ្ឌ កម្លាំងប៉ុស្តិ៍កាកាប១ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ចុះទៅតាមចាប់ជនសង្ស័យ តែដឹងខ្លួនមុន ក៏រត់គេចបាត់ រកឃើញម៉ូតូរបស់ជនរងគ្រោះ និងម៉ូតូ២គ្រឿងផ្សេងទៀត រួមជាមួយ សម្ភារៈពាក់ព័ន្ធបន្សល់ទុកក្នុងបន្ទប់ សង្ស័យជាសម្ភារៈលួច ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន៣គ្រឿង ក្នុងនោះម៉ូតូរបស់ជនរងគ្រោះ១គ្រឿង ស្លាកលេខចំនួន៣៨បន្ទះ កាតគ្រីម៉ូតូ៤៥សន្លឹក អត្តសញ្ញាណប័ណ ចំនួន៥សន្លឹក ។
សម្ភារៈដែលដកហូតបាន សមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅ ប៉ុស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីស្រាវជ្រាវបន្ត ។ សមត្ថកិច្ចប្រកាសស្វែង រកម្ចាស់ផងដែរ ម៉ូតូ២គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1J-7333 និង ម៉ាកលេត ពាក់ស្លាកលេខ កំពង់ស្ពឺ1M-5444 ចំណែកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-3431 សមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ៕
មតិយោបល់