កណ្ដាលៈ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទី ចំណុច មុខផ្ទះជនរងគ្រោះ ចំហៀងខាងត្បូង ភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស។
ជនរងគ្រោះឈ្មោះ លឹម សំអាត ភេទប្រុសអាយុ៦៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ-ឃុំកើតហេតុ (របួសលើដៃខាងស្ដាំ)។ ជនសង្ស័យទី១.ឈ្មោះ ហុង ប៊ុនធឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន) និង២-ឈ្មោះ ថៃ ប៊ុនរ៉ុង ភេទប្រុសអាយុ ២០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ កម្មករលក់គ្រឿង
សំណង់ (គេចខ្លួន)។
ដំណើររឿងហេតុ៖ កន្លងមកជនសង្ស័យ ហុង ប៊ុនធឿន ជាប្អូនថ្លៃជនរងគ្រោះ លឹម សំអាត ធ្លាប់មានទំនាស់គ្នា ពីរឿងជនរងគ្រោះ បើក វិទ្យុរំខានការដេកពួន (ផ្ទះជិតគ្នា)។ លុះថ្ងៃទី០៧.១០.២០១៩
ម៉ោង១៧ និង០០នាទី ឈ្មោះហុង ប៊ុនធឿន បានផឹកស្រានៅផ្ទះឈ្មោះ ចំរើន យុទ្ធ នៅភូមិព្រែកយាយហ៊ិនទី២ ឃុំឬស្សីជ្រោយ ជាមួយឈ្មោះចាន់ណា រហូតដល់ម៉ោង១៩ និង៣០
នាទី ឈ្មោះហុង ប៊ុនធឿន បានជិះម៉ូតូទៅផ្ទះ រួចក៏ដើរទៅផឹកនៅផ្ទះឈ្មោះ ទូច បន្តទៀតដែលត្រូវជាបងប្អូន រហូតដល់ម៉ោង២១ និង០០នាទី ឈ្មោះហុង ប៊ុនធឿន ស្រវឹងខ្លាំង បានដើរមកផ្ទះបង្ករឿងឡូឡា ជាមួយជនរងគ្រោះទៅវិញ ទៅមក នៅពេលនោះជនសង្ស័យឈ្មោះ ថៃ ប៊ុនរ៉ុងជាកូន បង្កើតឈ្មោះ ហុង ប៊ុនធឿន បានដើរចុះពីលើផ្ទះ មិនដឹងថា មានកាន់អីនោះទេ ចុះបាត់រយៈពេលប្រហែលជា០២នាទី ស្រាប់តែឮជនរងគ្រោះស្រែកអូយៗ ជួយផង នៅក្រោមជណ្ដើរផ្ទះខ្លួនឯង។
ភ្លាមនោះម្ដាយជនសង្ស័យឈ្មោះ ថៃ ប៊ុនរ៉ុង ក៏ចុះមកដីឃើញជនរងគ្រោះ មានរបួសហូរឈាមដេកដួល នៅកន្លែងកើតហេតុ ហើយមិនហ៊ានមើល ក៏ដើរត្រឡប់មកផ្ទះវិញ។ ចំណែកជនសង្ស័យឈ្មោះថៃ ប៊ុនរ៉ុង (ត្រូវជាកូន) បានគេចខ្លួនមិនចូលផ្ទះបាត់ទាំងយប់តែម្តង។
ក្រោយពីទទួលដំណឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍ និងជំនាញស្រុក បានចុះដល់កន្លែង កើតហេតុ ហើយបានឃាត់ខ្លួនជន សង្ស័យឈ្មោះ ហុង ប៊ុនធឿន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរតែជនសង្ស័យឆ្លើយថា ខ្លួនស្រវឹងស្រា អត់ដឹងទេ ។
តាមការសួរជនរងគ្រោះ ឆ្លើយថាឈ្មោះធឿន និងម្នាក់ទៀត មើលមិនច្បាស់ បានលួចវ៉ៃខ្លួន បណ្ដាលឲ្យមានរបួស។ ជនរងគ្រោះ ត្រូវបានបញ្ជូន ទៅធ្វើការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្នំពេញ ។ ករណីនេះ ផ្នែកជំនាញ និង ប៉ុស្តិ៍កំពុងបន្តស្រាវជ្រាវចាប់ខ្លួនជនសង្ស័យឈ្មោះថៃ ប៊ុនរ៉ុង ចាត់ការតាមនីតិវិធី៕
មតិយោបល់