ព័ត៌មានជាតិ

កណ្តាលរាត្រី កំពុងលង់លក់ស្រួល! ស្រាប់តែមានរឿងនឹកស្មានមិនដល់ រង្វង់មូលរូបសំណាកគោ៤ ជានិមិត្តសញ្ញាតំណាងឱ្យខេត្តស្វាយរៀង ត្រូវរថយន្តបើកបុក រងការខូចខាត

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត១គ្រឿង បុករង្វង់មូលរូបសំណាកគោ៤ ជានិមិត្តសញ្ញាតំណាងឱ្យខេត្តស្វាយរៀង បណ្តាលរងការខូចខាត កាលពីវេលាម៉ោង ១និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

រថយន្តបង្កជាប្រភេទរថយន្តយីឌុបភ្លៅ៥ ពាក់ស្លាកលេខ ស្វាយរៀង 3A-0665 ធ្វើដំណើរពីលិចទៅកើត បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ មកដល់ចំណុចកើតហេតុ បានបុករូបសំណាកសត្វគោ១ ក្នុងចំណោមរូបសំណាកសត្វគោទាំង៤ រងការខូចខាតបែកបាក់ ចំណែករថយន្តរេចង្កូតបុកគ្រឹះរង្វង់មូល បណ្តាលឱ្យបែកកង់មុខផ្នែកខាងខាងឆ្វេង រួចបន្តរេចង្កូតទៅបុករបងទ្វារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ lolc សំណាងល្អពុំមានអ្នករងរបួសនោះទេ។

ក្រោយកើតសមត្ថកិច្ច បានចុះវាស់វែង យករថយន្តមកស្ទួច នាំទៅរក្សាទុកប៉ុស្តិ៍រដ្ឋបាល រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់