ព័ត៌មានជាតិ

Update៖ ហួសថ្លែង! ឪពុកម្ដាយស្លាប់ដោយសារជំងឺអេដស៍តាំងពីតូច ឯកូនប្រើសារធាតុញៀនហួសកម្រិត យកប្រេងកាតទៅដុតផ្ទះខ្លួន ហើយទម្លាក់កំហុសដាក់យាយបង្កើត

ភ្នំពេញៈ កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ១០៧ កែងផ្លូវកម្ពុជាក្រោម ត្រង់ចំណុចផ្ទះមួយកន្លែងជាន់ទី ២ ក្រោយថ្មដា ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលទាំងមេឃមិនទាន់ភ្លឺ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋ ដែលគាត់រស់នៅទីនោះ បានឃើញផ្សែងហ៊ុយចេញពីខាងក្នុងផ្ទះជាន់ទី២ ជាមួយអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបពួកគាត់
បានរាយការណ៍ទៅសមត្ថកិច្ច ចុះអន្តរាគមន៍។

ភ្លាមៗនោះក៏មានរថយន្តខាងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ មកដល់ទីតាំងកើតហេតុ ធ្វើការបាញ់ពន្លត់ ប្រើរយៈពេលជិតមួយម៉ោង ទើបរលត់ទាំងស្រុង ដោយអំណាចភ្លើងឆេះខ្លាំងពេក។

សមត្ថកិច្ច បានឲ្យដឹងថា ផ្ទះកើតហេតុ គឺមានអ្នករស់នៅតែចៅ និងយាយពីរនាក់ប៉ុណ្ណោះ ដោយចៅជាមនុស្សញៀនថ្នាំយូរមកហើយ។ នៅពេលកើតហេតុ ចៅបង្កើតរបស់គាត់ ប្រើសារធាតុញៀនហួសកម្រិត បានយកប្រេងកាតទៅដុតផ្ទះខ្លួនឯង បង្កឲ្យឆេះតែម្តង ហើយថែមទាំងទម្លាក់កំហុសដាក់យាយខ្លួនឯងថា ជាអ្នកដុតផ្ទះទៀត។

ប្រភពដដែល បានបន្តទៀតថា គ្រោះអគ្គិភ័យនេះ បានប្រើប្រាស់រថយន្ត ពន្លត់អស់ចំនួន៧ គ្រឿងហើយចៅប្រុសលោកយាយ មានឈ្មោះ អាយូ ណាម ភេទប្រុស ២៧ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុ ចំណែកម្តាយ និងឪពុកបានស្លាប់ ដោយសារតែជំងឺអេដស៍នៅឯប្រទេសវៀតណាម តាំងពីចៅប្រុសគាត់មានអាយុ ៥ទៅ៦ឆ្នាំមកហើយ ហើយរាល់ថ្ងៃលោកយាយ មានមុខរបរ ដើររើសអេតចាយ និងសុំទឹកគេប្រើជារៀងរាល់ថ្ងៃ។

ក្រោយកើតហេតុ សមត្ថកិច្ច បានឃាត់ខ្លួនជនបង្ក ជាបណ្តោះអាសន្ន នៅឯប៉ុស្តិ៍មនោរម្យ៕

មតិយោបល់