ព័ត៌មានជាតិ

ប្រយ័ត្នបងប្អូន! មន្រ្តីជំនាញរកឃើញ មីខគោ ភេសជ្ជៈប៉ូវកម្លាំង ទឹកស៊ីរ៉ូ ទឹកដោះគោ មីកំប៉ុង ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

ព្រះវិហារ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាកការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញនានា ក្នុងឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អំបិល មានសារធាតុអ៊ីយ៉ូតតាមស្ដង់ដាដែលបានកំណត់។ តែបានរកឃើញការដាក់តាំងលក់ទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖
-មីខគោ ៤៤កញ្ចប់ ស្មើនឹង ២.៨គីឡូក្រាម
-ភេសជ្ជ:ប៉ូវកម្លាំង ៦កំប៉ុង ស្មើនឹង ១.៥ លីត្រ
-ទឹកស៊ីរ៉ូ ៦ដប ស្មើនឹង ៤.៥០លីត្រ
-ទឹកដោះគោ កញ្ចប់ ៣០កញ្ចប់ ស្មើនឹង ៣.៧៥លីត្រ
-មីកំប៉ុង ៦៥កំប៉ុង ស្មើនឹង ៣.៩០គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ៦.៧គីឡូក្រាម និង ៩.៧៥លីត្រ។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់