ភ្នំពេញៈ អគ្គិភ័យឆាបឆេះគ្រែលក់បន្លែ និងផ្លែឈើអស់ប្រហែល១០គ្រែ និងសំភារមួយចំនួន នៅផ្សារបន្លែសុវណ្ណា កាលពីវេលាម៉ោង១២៖៤០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងខណ្ឌចំការមន។
បើតាមសន្តិសុខ ដែលយាមប្រចាំការ បានឲ្យដឹងថា នៅវេលាខាងលើ ខ្លួនកំពុងយាមការពារផ្សារក៏ស្រាប់តែឃើញផ្ទុះអណ្តាតភ្លើងចេញពីចំណុចកែង កន្លែងគ្រែលក់ផ្លែឈើ ដែលមានទូក្លាសេ០១គ្រឿង គាត់ក៏បានរត់ទៅរកទុយោទឹក ដើម្បីបាញ់ពន្លត់ ប៉ុន្តែពុំមានទុយោសម្រាប់បាញ់ទឹក ទើបធ្វើឲ្យអណ្តាតភ្លើង ឆាបឆេះរាលដាលទៅកន្លែងផ្សេងទៀត។
ក្រោយមានការហៅ សុំអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យ នគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយអគ្គិ០១ និង អគ្គិ០៥ រួមជាមួយរថយន្តចំនួន០៤គ្រឿង បានទៅដល់កន្លែងកើតហេតុ ហើយបានបាញ់ទឹកពន្លត់ភ្លាមៗ។ ក្រោមការខិតខំរបស់ក្រុមពន្លត់អគ្គិភ័យ ដោយប្រើពេលប្រមាណ៣០នាទី អគ្គិភ័យត្រូវបានរលត់។
ក្នុងកិច្ចអន្តរាគមន៍ ពន្លត់អគ្គិភ័យនេះ កម្លាំងបានប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៣រថយន្ត។ តាមការសន្និដ្ឋាន ជំហានដំបូង របស់មន្ត្រីពន្លត់អគ្គិភ័យថា ករណីនេះ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
មតិយោបល់