ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! ទ្បានធំ បុកទ្បានតូចខូចខាតស្ទើរទាំងស្រុង និងរបួសមនុស្សជាច្រើននាក់

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តមួយគ្រឿង បត់ឆ្លងផ្លូវទាំងបំពានភ្លើងសញ្ញាចរាចរណ៍ ក៏ត្រូវរថយន្តធុនធំមួយគ្រឿងទៀត បុកចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្សចំនួន៦នាក់ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុប២៤ម៉ោង តាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវសម្តេចជាស៊ីម ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកតូយូតាកាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2-7818 ដោយមានអ្នករួមដំណើរប្រុសស្រីចំនួន៥នាក់ ក្នុងនោះក៏មានក្មេងតូចៗចំនួន៣នាក់ផងដែរ បានធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវសម្តេចជាស៊ីម។

លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានបត់ឆ្វេងទៅទិសខាងជើង តាមបណ្ដោយផ្លូវហាណូយ ដោយបំពានភ្លើងសញ្ញាចរាចរណ៍ ខណ:នោះស្រាប់តែមានរថយន្តធុនធំដឹកទំនិញ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5493 បើកបរដោយបុរសពីរនាក់ ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវហាណូយ ជាមួយល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តខាងលើ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរី អូសប្រមាណ៣០ម៉ែត្រ រងការខូចខាតស្ទើរទាំងស្រុង និងអ្នករួមដំណើរទាំង៥នាក់ រងរបួសធ្ងន់ ចំណែកឯអ្នកបើកបររបួសស្រាល។

ចំណែករថយន្តធុនធំ បានរងការខូចខាតក្រពឹតកាងផ្នែកខាងមុខ។ ភ្លាមៗនោះ អ្នកបើកបររថយន្ត ក៏បានចុះពីលើរថយន្ត រួចរត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់សម្រោល បន្សល់ទុកតែព្រូរថយន្តម្នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរនៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ក្រោយពេលកើតហេតុ ក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន បានមកដឹកយក ជនរងគ្រោះទាំង៦នាក់ ទៅសង្គ្រោះភ្លាមៗផងដែរ។ ដោយឡែករថយន្តទាំងពីរគ្រឿង ត្រូវបានជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់