ស្ទឹងត្រែងៈ មនុស្ស៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយសហការជាមួយអង្គការបរិស្ថាន បានធ្វើឃាត់ខ្លួន ដកហូតទាំងវត្ថុតាងបំរើឲ្យបទល្មើសខុសច្បាប់ រួមមាន៖ កាំភ្លើងAK ចំនួន៣ដើម និងកាំភ្លើងឆ្នៃ២ដើម គោយន្ត១គ្រឿង ។
ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចភ្នំតាកោ ក្នុងព្រៃសហគមន៍ ស្ថិតក្នុងភូមិវ៉ឺនសៀន ឃុំ អូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្វាយ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធនិងការប្រើប្រាស់អាវុធ ដោយខុសច្បាប់នោះ ទី១. ឈ្មោះឡេង ប៊ុនប៉ែង ភេទប្រុស អាយុ២០ឆ្នាំមុខរបរកសិកររស់នៅភូមិអូស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់។ ទី២.ឈ្មោះឡេង ណាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិកោះកី ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់។ ទី៣.ឈ្មោះ ណៃ ផែង ភេទប្រុស អាយុ៤៨ឆ្នាំ និងទី៤.ឈ្មោះលី សុខុម ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ច បានបន្តឱ្យដឹងទៀតថា នៅមុនឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចបានឃើញគោយន្តមួយគ្រឿងមានគ្នាចំនួន៧នាក់ ដឹកសម្ភារៈបំរើឱ្យបទល្មើសជាច្រើន បើកចូលក្នុងព្រៃសហគមន៍ ដោយមានការសង្ស័យ បានធ្វើការឆែកឆេរស្រាប់តែជនសង្ស័យចំនួន៣នាក់បានរត់គេចខ្លួនបាត់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។ ក្រោយការឆែកឆេរសមត្ថកិច្ចបានរកឃើញ កាំភ្លើងAK៤៧ចំនួន៣ដើម និងកាំភ្លើងឆ្នៃចំនួន២ដើម ឧបករណ៍ឆក់ត្រីចំនួន២ អាគុយ១ គោយន្ត១គ្រឿង។
នៅមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានគ្នាចំនួន៧នាក់ ក្នុងកាំភ្លើង៥ដើម កាំភ្លើង១ដើមបានខ្ចីពីមេប៉ុស្តិ៍កោះស្នែង ឈ្មោះ ហាន ជនសង្ស័យមិនបានបញ្ជាក់ថា កាំភ្លើង៤ដើមផ្សេងទៀតនោះ បានមកពីណាទេ។
ក្រោយការឃាត់ខ្លួន និងបានសាកសួរបឋមជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងខាងលើ នគរបាលប៉ុស្តិ៍អូរស្វាយ និងអង្គការបរិស្ថាន បានប្រគល់វត្ថុតាងដែលដកហូតបាន ឱ្យទៅមន្ទីរបរិស្ថានសាកសួរបន្ត និងធ្វើកំណត់ហេតុ បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យ៣នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាត់ការបន្ត៕
មតិយោបល់