ភ្នំពេញៈ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៧ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទបង្ខាំងមនុស្ស ដោយខុសច្បាប់ ត្រង់ចំណុចក្នុងបន្ទប់ផ្ទះលេខ ៤A ផ្លូវលេខ៨៦ ភូមិទី២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ ចាន់ បុប្ផា ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ស្នាក់នៅទីតាំងខាងលើ។ ជនរងគ្រោះឈ្មោះ ហាប់ សុបព្រី ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាង សំណង់ស្នាក់ នៅផ្ទះគ្មានលេខផ្លូវលំ ភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ជនសង្ស័យ បានជួលម៉ូតូ ម៉ាកC100 កូរ៉េ ពណ៌ទឹកក្រូច មិនចាំស្លាកលេខ ទៅឲ្យជនរងគ្រោះ ឈ្មោះ ហាប់ សុបព្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ដោយថ្លៃឈ្នួលជួល ១៥,០០០រៀល ក្នុងមួយថ្ងៃ ដើម្បីយកទៅរត់ឌុប យកប្រាក់ បន្ទាប់មក ដោយខ្វះខាត និងត្រូវការប្រាក់ ដើម្បីយកទៅមើលប្រពន្ធ មានជំងឺ ជនរងគ្រោះ បានយកម៉ូតូ ដែលជួលនោះ ទៅលក់បានប្រាក់ចំនួន ១៥០,០០០៛។
រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ៣និង៣នាទីរសៀល ទើបជនសង្ស័យឈ្មោះ ចាន់ បុប្ផា ភេទស្រី បានដឹងក៏ឃាត់ខ្លួនជនរងគ្រោះ នៅចំណុចក្បែររបង មជ្ឈមណ្ឌលលាងឈាម ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងនាំជនរងគ្រោះឈ្មោះ ហាប់ សុបព្រី ភេទប្រុស អាយុ២៥ឆ្នាំ យកចាក់សោទុក នៅក្នុងបន្ទប់ផ្ទះលេខ៤A ផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញរបស់ខ្លួន ដើម្បីទាក់ទងប្រពន្ធឲ្យរកលុយសង។
ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ច បានចុះអន្តរាគមន៍ ដល់ទីតាំងខាងលើ ហើយឃាត់ខ្លួនជនសង្ស័យ និងនាំជនរងគ្រោះ យកមកសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្រះចកតែម្តង៕
មតិយោបល់