តាកែវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវលេខ ១២៩៣ ន្លោះគីឡូម៉េត្រលេខ ៥-៦ ស្ថិតភូមិស្លាខាងលិច ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក ឡែត ពណ៌ស ពាក់ស្លាកលេខ តាកែវ 1G-7798 បើកបរដោយឈ្មោះ ហ៊ុន គឹមហុង ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តខាងមុខ ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតម៉ាក ហុងដា C១២៥ ពាក់ស្លាកលេខ តាកែវ 1J-7558 បើកបរដោយឈ្មោះ ទ្រី សុវណ្ណ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ក្នុងទិសដៅបញ្រ្ចាសគ្នា ហើយបានខ្ទាតចូលទៅក្នុងរថយន្តម៉ាក ហ៊ិនដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2243 ទិសដៅស្របគ្នា បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន បណ្ដាលឲ្យអ្នកបើកម៉ូតូឡែត ស្លាប់នឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូហុងដារងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការនគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ រីឯជនររងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់