ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូ១គ្រឿង ក្នុងល្បឿនលឿន តាមផ្លូវលំគ្រួសក្រហម ដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ ក៏ជ្រុលទៅបុកផ្ទប់នឹងលូ ដាក់នៅតាមព្រំដី បណ្តាលឲ្យខ្ទេចមុខ បែកលលាដ៏ក្បាលអស់មួយចំហៀង ប្រកាច់សន្លប់ននៀលដី គួរឲ្យរន្ធត់ កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យជាង២០ឆ្នាំ សម្បុរខ្មៅ ពាក់អាវយឺត ខៀវដៃខ្លី ស្លៀកខោក្រណាត់ ពណ៌ទឹកដោះគោ ជើងវែង ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១១០ ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-2717 ជាមធ្យោបាយ ។
នៅកន្លែងកើតហេតុ មិនមានអ្នកណាឃើញហេតុការណ៍ឡើយ តែបើតាមពិនិត្យ ស្លាកស្មាមដាន សន្និដ្ឋានបានថា ជនរងគ្រោះ ជិះម៉ូតូល្បឿនលឿន ធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវលំកោង ទើបរេចង្កូតមិនទាន់ បូលរួមផ្លូវគ្រួសក្រហមរអិល បណ្ដាលឲ្យបោកផ្ទប់នឹងលូ ដាក់នៅព្រំដីរងរបួស បែកមុខ បែកលលាដក្បាលអស់មួយចំហៀង សន្លប់ ប្រកាច់ននៀល នៅកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ចេញទៅអន្តរាគមន៍ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូខ្ទេចមួយកំណាត់មុខ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ ក្រុមគ្រួសារ ខណៈដែលជនរងគ្រោះ ស្ថិតក្នុងសភាពរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ៕
មតិយោបល់