មនុស្សយ៉ាងហោចណាស់ចំនួន ១៦នាក់បានស្លាប់ និង ៦នាក់បានរងរបួសបន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់នៅក្នុងតំបន់ ថាតាស្ថាន (Tatarstan) របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ។
យន្ដហោះដែលបានធ្លាក់នេះបានដឹកក្រុមអ្នកលោតឆ័ត្រយោងចំនួន ២០នាក់ និងបុគ្គលិកប្រចាំយន្តហោះចំនួន ២នាក់។ ក្រសួងសុខាភិបាលរុស្ស៊ីបានឲ្យដឹងថា មនុស្ស ៦នាក់ដែលរងរបួសនោះកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
អភិបាលតំបន់ ថាតាស្ថាន (Tatarstan) បាននិយាយថា អ្នកបើកយន្តហោះបានរាយការណ៍ពីបញ្ហាម៉ាស៊ីន ហើយបានស្នើសុំចុះចតជាបន្ទាន់ភ្លាមៗបន្ទាប់ពីបានហោះឡេីង និងបានថា អ្នកបេីកយន្តហោះបានព្យាយាមបេីកគេចចេញពីតំបន់លំនៅដ្ឋានដែលនៅក្បែរនោះមុនពេលធ្លាក់។
ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានបើកការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌទាក់ទិននឹងការធ្លាក់យន្តហោះនេះចំពេលមានការចោទប្រកាន់ថាមានការបំពានច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវអាកាស។
គួរកត់សម្គាល់ថា នេះគឺជាការធ្លាក់យន្តហោះដឹកក្រុមអ្នកលោតឆ័ត្រយោងប្រភេទ L-410 លើកទី២ ហេីយនៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ។ កាលពីខែមិថុនា មនុស្ស ៤នាក់បានស្លាប់នៅក្នុងហេតុការណ៍ស្រដៀងគ្នានេះ។
ស្តង់ដារសុវត្ថិភាពអាកាសចរណ៍រុស្ស៊ីត្រូវបានរឹតបន្តឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុន្តែគ្រោះថ្នាក់នៅតែបន្តកើតមានជាពិសេសនៅតំបន់ដាច់ស្រយាល៕
មតិយោបល់