ភ្នំពេញៈ យុវជនឈាមរាវចំនួន៣នាក់បានរងរបួសធ្ងន់ និងស្រាល ដោយពីរនាក់សុទ្ធតែបាក់ជើងម្នាក់ម្ខាងដូចគ្នា ចំណែកឯម្នាក់ទៀងគ្រាន់តែរលាត់ដៃជើងចេញឈាមតែបន្តិចបន្តួចតែប៉ុណ្ណោះ ខណៈពួកគេបានជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន ហើយជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយយ៉ាងពេញទំហឹងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅខាងមុខហាងការហ្វេដែលមាយីហោ ជុងហ្វី ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីគូទស្វិតស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២E-៤៦២៤ មួយគ្រឿង ដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់ក្នុងល្បឿនយឺតៗក្នុងទិសដៅពីត្បូង ទៅជើង ចូលមកភ្នំពេញ។ លុះបើកមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានម៉ូតូម៉ាក អាយខុន ពណ៌ ក្រហម លាយស មួយគ្រឿង ជិះគ្នា៣នាក់ បើកជ្រែមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យក្រុមយុវជនទាំង៣នាក់នោះ រងរបួសយ៉ាងធ្ងន់ ដោយយុវជនពីរនាក់បាក់ជើងម្នាក់ម្ខាងដូចគ្នា ម្នាក់ទៀតរងរបួសស្រាល។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខ និងរថយន្តកំពិត និងបែកកញ្ចក់ផ្នែងខាងក្រោយរងការខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយពេលកើតហេតុ យុវជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសាម៉ុយរបស់មន្ទីរបង្អែកមានជ័យមកដឹកយកទៅសង្គ្រោះ។ ដោយឡែករថយន្ត និងម៉ូតូ ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្ត៕
មតិយោបល់