ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើក រថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន
ទៅបុកទ្រូងផ្លូវវៀចអស់មួយកង់ ហើយបន្តរេចង្កូតទៅបុកម៉ូតូកង់បីថែមទៀត បណ្តាលឲ្យខ្ទេចម៉ូតូកង់បី និងរបួសមនុស្សម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និ៣០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រមាណជា៣០០ ម៉ែត្រពីសាលា ច្រាំងចំរះ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសម្នាក់ មិនស្គាល់អត្តញ្ញាណនោះទេ បានបើកបររថយន្ត១គ្រឿង ម៉ាកហាយទ្បែនឌ័រ ពណ៌ទឹកប្រាក់ ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយជាតិលេខ៥ ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកទ្រូងផ្លូវ វៀចខូចខាតអស់១កង់ និងបន្តទៅបុកម៉ូតូរ៉ឺម៉ក ដែលចតទុកចោលនៅចិញ្ចើមផ្លូវមុខផ្ទះពលរដ្ឋ បណ្តាលឲ្យបុរសម្នាក់ របួសជើង ចំណែករថយន្តបង្កវិញ ខូចខាតខ្ទេចអស់មួយជំហៀងខាងមុខ ផ្នែកខាងឆ្វេង និងដាច់ក្រឡេកង់មុខផ្នែកខាងឆ្វេងផងដែរ។
ភ្លាមៗនោះ សមត្ថកិច្ចបានមកដល់ ធ្វើការឃាត់អ្នកបើក ដើម្បីធ្វើការសួរនាំ ហើយឲ្យភាគីពាក់ព័ន្ធចរចាគ្នា ដោយអ្នកបើករថយន្តបង្ក ព្រមសងទៅឲ្យខាងម៉ូតូរងគ្រោះចំនួន ២០០$ រីឯខាងម៉ូតូរ៉ឺម៉កកង់បីវិញចំនួន ៥០០$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ ដោយសារតែរថយន្តបង្ក បានបុកទ្រូងផ្លូវជាទ្រព្យសម្បត្តិរបស់រដ្ឋ ក៏ត្រូវសមត្ថកិច្ច ធ្វើការវាសវែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕






មតិយោបល់