ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាដេកក្នុងចម្ការអំពៅ ត្រូវរថយន្តច្រូតអំពៅកិនស្លាប់ នៅស្រុកឱរ៉ាល់

កំពង់ស្ពឺ: នៅរសៀលថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីរថយន្តច្រូតអំពៅកិនមនុស្សស្លាប់ក្នុងចម្ការអំពៅ ស្ថិតត្រង់ចំណុចភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ គង់ ផុន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅក្នុងភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អ្នកបើកបររថយន្តច្រូតអំពៅឈ្មោះ រាជ ភេទប្រុស អាយុ ២២ឆ្នាំ បង្កហេតុរួចរត់គេចបាត់ស្រមោល។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ឈ្មោះ អ៊ីម វិន អាយុ ៤៩ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្ដីរបស់គាត់ដើរទៅហូបបាយទាំងសភាពស្រវឹងស្រា គាត់ក៏ស្ដីបន្ទោសថា គិតតែស្រវឹងមិនរកស៊ី និងគេទេបើកភ្នែកមិនទាន់ស្រវឹង ទើបជនរងគ្រោះដើរចូលក្នុងចម្ការអំពៅហើយដេក រហូតដល់ម៉ោងកើតហេតុទើបស្ត្រីជាប្រពន្ធដឹងថា ប្តីរបស់គាត់ត្រូវរថយន្តកិនស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យរួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់