ព័ត៌មានជាតិ

ប្រើសារធាតុញៀនហួសកម្រិត ព្រះសង្ឃមួយអង្គ ត្រូវចាប់ផ្សឹក ក្រោយប​ង្កអុកឡុកក្នុងវត្ត

ប៉ៃលិន: នៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីសង្ឃមួយអង្គ បង្កការអុកឡុកក្នុងវត្ត ដោយមានការសង្ស័យថា ប្រើប្រាស់គ្រឿងញៀនគណ:កម្មាធិការវត្ត និងមន្ទីរធម្មការ និងពុទ្ធសាសនាខេត្ត បានសម្រចផ្សឹកសង្ឃអង្គនោះ ដើម្បីប្រគល់ជូនមកសមត្ថកិច្ច ក្នុងនោះដែរក៏មានសង្ឃមួយអង្គព្រះនាម សុវណ្ណ បញ្ញា មានជន្មាយុ១៥ព្រះវស្សាហ៍ គង់នៅទីកន្លែងកើតហេតុខាងលើនោះដែរ បានប្តឹងរាយការណ៍ផ្ទាល់មាត់ថា បាត់ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន(iPhone )។

ក្រោយមកកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយបុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ធ្វើការសួនាំ និងធ្វើតេស្តរកសារធាតុញៀនជាលទ្ធផល មានផ្ទុកសារធាតុញៀនក្នុងខ្លួន លើសពីនោះក៏បានឆែកឆេរឃើញទូរស័ព្ទដៃចំនួន០១គ្រឿងលើដងខ្លួនជនសង្ស័យផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងផ្នែកប្រឆាំងបទល្មើស គ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន នាំខ្លួនមកកាន់អធិការដ្ឋាន ដើម្បីសួរនាំបន្ថែម និងសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ខេត្តប៉ៃលិន ចាត់ការតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទ ត្រូវបានប្រគល់ជូន ទៅឲ្យម្ចាស់ដើមវិញ៕

មតិយោបល់