ព័ត៌មានជាតិ

រថយន្តដឹកចំណីសត្វមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ធ្លាក់ប្រឡាយទឹកស្អុយ

ភ្នំពេញ: រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ដឹកចំណីសត្វធុនធ្ងន់មួយគ្រឿង ដែល គេងសង្ស័យថាអ្នកបើកបរដេកលង់លក់នៅពេលបើកបរ ក៏បានជ្រុលចង្កូតទៅបុក របាំងថ្មខណ្ឌចែកទ្រូវផ្លូវជាតិលេខ ៥និងបង្គោលភ្លើង រួចរថយន្តក៍បានបន្តល្បឿន ជ្រុលធ្លាក់ប្រឡាយ ទឹកស្អុយ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣និង៤០នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១ នៅតាមផ្លូវ ជាតិលេខ៥ ត្រង់ចំណុចប្រឡាយទឹកស្អុយគីឡូម៉ែត្រលេខ៩ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដែលបង្កគ្រោះថ្នាក់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B 2587 និងមានកន្ទុយសណ្ដោងស្លាកលេខកំពង់ចាម 4A 0114 បើកបរដោយឈ្មោះ ហេង សីហា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិអន្លង់ក្រាយឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងរួមដំណើរជាមួយព្រូ ឈ្មោះ សៀង ចម្រើន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិស្វាយអាត់ ឃុំស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។

តាមព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកចំណីសត្វមួយគ្រឿងខាងលើបានធ្វើដំណើរតាមផ្លូវជាតិលេខ ៥ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានីភ្នំពេញ នៅពេលមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅឆ្វេងដៃ បុករបាំងថ្ម ខណ្ឌចែកទ្រូងផ្លូវបណ្តាលឱ្យបាក់៣កង់ និងបង្គោលភ្លើងគោមបំភ្លឺផ្លូវបាក់ទ្រេត១ដើម។

ប្រភពបន្តថាបន្ទាប់ពីគ្រោះថ្នាក់រថយន្ត នៅបន្តល្បឿនក៏បានជ្រុល ទៅធ្លាក់ប្រឡាយតែម្ដងបណ្ដាលឱ្យការខូចខាតហើយ ចំណីសត្វបានដាច់តង់គ្របធ្លាក់ទៅក្នុងប្រឡាយ មួយចំនួន ។បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ព្រមទាំងព្រូបានលូនចេញ ដោយពុំបណ្តាលឱ្យរងរបួសឡើយ ។នៅយប់នោះ នគរបាលមូលដ្ឋាន រួមទាំងខាងក្រុមហ៊ុន រថយន្តបានចុះទៅកន្លែងកើតហេតុដោយសារតែ រថយន្តធុនធ្ងន់ ក៏បានទុកចោល រហូតដល់ព្រឹកឡើងទើបហៅរថយន្តមកសេង ទំនិញ ព្រមទាំងស្ទួចយករថយន្តបញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយជាក្រោយ៕

មតិយោបល់