ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុន internet MAT បើករថយន្តបុកស្រ្តីម្នាក់ ស្លាប់មួយរំពេច នៅផ្លូវជាតិលេខ៦

កំពង់ធំ: កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង០៩ និង២០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៣៨-១៣៩ ស្ថិតក្នុងភូមិសំពុង ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់ ខូចខាតម៉ូតូ និងរថយន្ត០២គ្រឿង។

រថយន្តម៉ាក ម៉ាសស្តា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AC-6818 ធ្វើដំណើរផ្លូវត្រង់ទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ដួង ដាវី ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន internet MAT (មិនរបួស) ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសាកសួរ។

ចំណែកម៉ូតូម៉ាក ហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1M-6867 ធ្វើដំណើរឆ្លងផ្លូវពីលិចទៅកើត បើកបរដោយឈ្មោះ ប្លង់ សេងលៀម ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។

មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកម៉ូតូ បើកឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តមានល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ហាមលួចចម្លងអត្ថបទ ដោយគ្មានការអនុញ្ញាត!!!

មតិយោបល់