ព័ត៌មានជាតិ

ម្ដាយមើលសពកូនសឹងមិនស្គាល់ ករណីយុវជនម្នាក់ជិះម៉ូតូបុករថយន្តឈប់ចតចាំដឹកស្រាបៀរ ពីក្រោយពេញទំហឹងស្លាប់ភ្លាមៗ

បាត់ដំបង: កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៥៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយយុវជនម្នាក់ជិះម៉ូតូ ទៅបុករថយន្តចតចោលពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះកើតឡើងត្រង់ចំណុចមុខមន្ទីរពេទ្យយីគក់ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ អ៊ីវ ប៊ុនថា អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q-7451 ។
រថយន្តប្រភេទក្លាដឺហ្វមម៉ាក ហ៊ីណូ ដឹកស្រាបៀរ ពាក់ស្លាកលេខ ភ្នំពេញ 4A-4738។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តដឹកស្រាបៀរនេះបានមកឈប់សំចតតាំងពីថ្ងៃមកម្ល៉េះ រង់ចាំយកស្រាបៀរបញ្ចូលទៅ ក្នុងឃ្លាំងដោយគេបានចតនៅលើទ្រូងផ្លូវ លុះយប់បន្តិចស្រាប់តែយុវជនរងគ្រោះបើកម៉ូតូ យ៉ាងលឿនមកបុកពីក្រោយ បណ្ដាលឲ្យម៉ូតូនោះចូលទៅក្រោមរថយន្ត និងមនុស្សស្លាប់ភ្លាមៗ ធ្វើឲ្យស្ត្រីជាម្ដាយមើលសពកូនប្រុសមិនស្គាល់ រហូតមើលអត្តសញ្ញាណប័ណ្ណ ទើបដឹងថា ជាកូនរបស់ខ្លួនប្រាកដមែន រីឯអ្នកបើកបរដែលចងអង្រឹងសម្រាក នៅក្រោមរថយន្តរត់បាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់បន្ត ចំណែកសព ប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់