ភ្នំពេញៈ នៅវេលាម៉ោង ១១និង ៣០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ពលរដ្ឋប្រាប់ Post News ថា មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូពីនារីរងគ្រោះម្នាក់ យកទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចទ្បើយ។
ម៉ូតូខាងលើ ម៉ាក Nex 2018 ស្លាកលេខ 1L 2142 ពណ៌ស បានបាត់កាលពីវេលាម៉ោង ៩ជាងព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៤៨៨ ផ្ទះលេខ២៤៦ មុខហាង mini salon ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល។
ជនរងគ្រោះ បានសំណូមពរទៅលោកមេប៉ុស្តិ៍សង្កាត់ផ្សារដើមថ្កូវ ជួយរកម៉ូតូគាត់ឲ្យអស់លទ្ធភាពផង ពីព្រោះគាត់គ្មានលុយទិញទៀតទេ ដោយសារជីវភាពក្រលំបាក ទម្រាំរកលុយទិញម៉ូតូបាន ត្រូវសន្សំពេលយូរណាស់។
ពលរដ្ឋនៅរស់សង្កាត់ផ្សារដើមថ្កូវ បានប្រាប់ភ្នាក់ងារយើងថា នៅម្ដុំហ្នឹងសម្បូរទៅដោយចោរឆក់ជាញឹកញយ ពួកគាត់ចង់ឲ្យសមត្ថកិច្ច ជួយទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានផង បើមិនដូច្នោះទេ ពួកគាត់សម្រាន្តមិនលក់ទ្បើយ ជាពិសេសលោក យឹន សាន អធិការនគរបាលខណ្ឌចំការមន មេត្តាជួយជំរុញមន្ត្រីក្រោមឱវាទលោកបន្ថែមទៀត ឲ្យមានការល្បាតជាប្រចាំផង កុំទុកឲ្យពលរដ្ឋរិះគន់ ទើបរត់ខ្វែងដៃខ្វែងជើង ណាមួយរដូវនេះ មេឃត្រជាក់ផង សង្ស័យលោកមេប៉ុស្តិ៍សម្រាន្តលក់ស្រួល ភ្លេចមើលដែនសមត្ថកិច្ច ដែលខ្លួនគ្រប់គ្រងទេដឹង?៕
មតិយោបល់