ព័ត៌មានជាតិ

ក្រសួងកសិកម្ម ស្រាយបំភ្លឺពីការប្រមូលថ្លៃឈ្នួលសម្បទានដីសេដ្ឋកិច្ច ក្នុងឆមាសទី១ឆ្នាំ២០១៦

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មើលឃើញថា ប៉ុន្មានថ្ងៃមកនេះមានបណ្តាញ សារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយពីការប្រមូលថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ច ក្នុងឆមាសទី១ ឆ្នាំ២០១៦ បានប្រមាណ៦០ម៉ឺនដុល្លារអាមេរិក ដោយធ្វើការរិះគន់ និងធ្វើការគណនាក្រៅផ្លូវការតាមទំហំផ្ទៃដីគុណនិងតម្លៃ៥ដុល្លារក្នុង១ហិកតា ខុសនិតិវិធីមានចែងនៅក្នុងកិច្ចសន្យា។

ដើម្បីបញ្ជាក់ឱ្យបានច្បាស់នៅថ្ងៃនេះ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយឆ្លើយតបការផ្សព្វផ្សាយនិងចៀសវាងមានការភ័ន្តច្រឡំ ដែលក្នុងនោះសរសេរថា “ ដើម្បីចៀសវាងនូវការភ័ន្តច្រឡំ និងចុះផ្សាយហួសពីការពិត ក្រសួងបានបញ្ជាក់ជូនថា រហូតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន២២៣ក្រុមហ៊ុន មានផ្ទៃដីសរុបចំនួន១.៥៥២.៧០០ហិកតា ។ ប៉ុន្តែផ្ទៃដីដែលធ្វើអាជីវកម្មជាក់ស្តែងមានចំនួន ១.០៦៩.០០០ហិកតា ប៉ុណ្ណោះ ក្នុងនោះក្រុមហ៊ុនចំនួន១១២ពុំទាន់ត្រូវបានអនុវត្តការតព្វកិច្ចបង់ថ្លៃឈ្នួលទេ ហើយកំពុងដំណើរការបង្វែរមកក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទគ្រប់គ្រងគឺ៧៣ក្រុមហ៊ុន ត្រូវផ្ទេរពីក្រសួងបរិស្ថាន៣២ក្រុមហ៊ុន ដែលមានផ្ទៃដីតូចជាង១០០០ហិកតា ចុះកិច្ចសន្យាជាមួយអនុគណៈកម្មខេត្ត និង៧ក្រុមហ៊ុនទៀត ពុំទាន់បានចុះកិច្ចសន្យា”។

ក្រសួងកសិកម្មបញ្ជាក់ថា ក្រុមហ៊ុនចំនួន១១១ទៀតកំពុងដំណើរការស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ តែមានក្រុមហ៊ុនចំនួន១០១ជាក្រុមហ៊ុនដល់ឆ្នាំត្រូវបង់ថ្លៃឈ្នួលសម្បទានដីសេដ្ឋកិច្ច និង១០ក្រុមហ៊ុនទៀតពុំទាន់គ្រប់៦ឆ្នាំ ក្រោយពេលឈូសឆាយនៅឡើយ។ ដូចនេះគិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ប្រមូលបានឈ្នួលដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន២១ក្រុមហ៊ុន ស្មើទឹកប្រាក់ប្រមាណ៦០ម៉ឺនដុល្លារ ហើយរំពឹងថានឹងប្រមូលបន្តរហូតដល់ដំណាច់ឆ្នាំ២០១៦ អាចកើនឡើងជិត២លានដុល្លារ។

ក្រសួងដដែលបានបញ្ជាក់ទៀតថា ការប្រមូលនេះពុំមែនក្រុមហ៊ុនទាំងអស់សុទ្ធតែត្រូវបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចក្នុងពេលតែមួយព្រមគ្នានោះទេ គឺទៅតាមពេលវេលា ដំណាក់កាលនៃការចុះកិច្ចសន្យា ទំហំដីអាចធ្វើអាជីវកម្មបានតាមលិខិតអនុញ្ញាតឱ្យឈូសឆាយ ហើយគិតចាប់ពីឆ្នាំទី៦តទៅ៕

មតិយោបល់