ភ្នំពេញៈ រោងស្តុកថ្នាំបុរាណខ្មែរ ប្រក់ស័ង្កសីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការអន្តរាគមន៍។
ហេតុការណ៍នេះ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលក់ឱសថបុរាណខ្មែរមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋ បានប្រទះឃើញមានផ្សែងហុយ ចេញពីជាន់ទី១នៃរោងប្រក់ស័ង្កសី ដែលជារោងស្តុកថ្នាំបុរាណខ្មែរខាងលើ។ មួយសន្ទុះក្រោយមក ស្រាប់តែលេចចេញជាអណ្ដាតភ្លើង ឆាបឆេះសំបកឈើ និងស្លឹកឈើស្ងួតៗ ដែលគេស្តុកទុកក្នុងរោងប្រក់ស័ង្កសីខាងលើ ដើម្បីសមគ្នាធ្វើជាឱសថព្យាបាលជំងឺ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ នាំគ្នាជួយទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យ មកធ្វើការបាញ់ពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន រួមជាមួយរថយន្តពន្លត់អគ្គិភ័យ ឱ្យចុះមកជួយអន្តរាគមន៍។
ដោយសារតែនៅខាងក្នុងរោងប្រក់ស័ង្កសីកើតហេតុខាងលើ សុទ្ធសឹងតែជាសំបកឈើ និងស្លឹកឈើជាច្រើន ធ្វើឲ្យភ្លើងឆេះ និងមានរងើកងំខ្លាំង ទើបធ្វើឲ្យកម្លាំងជំនាញ ពិបាកក្នុងការបាញ់ទឹកពន្លត់ឲ្យបានទាន់ពេលវេលា។ រហូតទាល់តែប្រមាណ១ម៉ោងកន្លះ ទើបអាចពន្លត់ភ្លើងបានទាំងស្រុង នៅម៉ោង១១យប់ថ្ងៃដដែល។
ករណីនេះ ប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកចំនួន ៩គ្រឿង ក្នុងនោះរួមមាន៖
– រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាន នគរបាលជាតិភ្នំពេញចំនួន២គ្រឿងបាញ់ទឹកអស់ចំនួន៥គ្រឿង
– រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៤គ្រឿងបាញ់អស់ទាំង៤គ្រឿង។
យ៉ាងណាមិញ ហេតុការណ៍នេះ មិនបណ្ដាលឲ្យឆាបឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ គឺខូចខាតតែរោងប្រក់ស័ង្កសី ដែលមានទំហំ៤.៥X១២ម៉ែត្រ និងថ្នាំបុរាណខ្មែរ ដែលស្តុកនៅខាងក្នុងប៉ុណ្ណោះ។
ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី ចេញពីជាទី១ នៃរោងខាងលើ៕
មតិយោបល់