ព័ត៌មានជាតិ

រថយន្ដស្ទួចបើកទាក់ខ្សែកាបក្រុមហ៊ុន Metfone ដាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ

ភ្នំពេញៈ កម្លាំងនគរបាលឃាត់អ្នកបើកបរ និងព្រូ២នាក់រថយន្តស្ទួច១គ្រឿង របស់ក្រុមហ៊ុនឯកជនមួយ ក្រោយពីបើកបរមិនប្រយ័ត្នបានទាក់ខ្សែកាបរបស់ក្រុមហ៊ុន Metfone បណ្ដាលឲ្យដាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ និងព្រូម្នាក់បើករថយន្តស្ទូច១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយមានក្បាលពណ៌ស ពាក់ស្លាក លេខភ្នំពេញ 3-D1721 បើកពីត្បូងទៅជើងដោយមិនប្រយ័ត្ន ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏បានទាក់ខ្សែកាបរបស់ក្រុមហ៊ុន Metfone បណ្ដាលឲ្យធ្លាក់រប៉ាត់រ ប៉ាយពេញផ្លូវ ដោយរថយន្ដរងការខូចខាតធ្លាក់ដំបូលកាប៊ីនចេញពីរថយន្ដលើចិញ្ចើមផ្លូវ ខណៈនោះអ្នកបើកបរបានព្យាយាមបើករត់គេចបានប្រហែល២០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចដេញឃាត់បានភ្លាមៗតែម្ដង ។

ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានធ្វើការទំនាក់ទំនងទៅក្រុមហ៊ុន Metfone ដើម្បីឲ្យមកជជែកសម្របសម្រួលគ្នាជាមួយភាគីខាងរថយន្តបង្ក ដើម្បីបញ្ចប់រឿងតែម្ដង៕

មតិយោបល់