ភ្នំពេញៈ យុវជនម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីរូបគេបានខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួន ហើយទៅបាត់រហូតអស់រយៈពេល១៣ថ្ងៃ ដោយសារតែមិនឃើញយកម៉ូតូមកវិញ ម្ចាស់ម៉ូតូក៏សម្រេចចិត្ត ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួន អ្នកផ្តើមខ្ចី ម៉ូតូចូលប៉ុស្តិ៍នគរបាល កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ គុជ បណ្ឌិត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ម៉ូតូដែល មិត្តភ័ក្រ្តខ្ចីហើយយកទៅបាត់ ម៉ាក MSX ពណ៌ខ្មៅ លាយស សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DG-7725 មានម្ចាស់។ ចំណែក អ្នកផ្តើម ខ្ចីម៉ូតូ យកទៅឲ្យមនុស្សផ្សេងទៀត ជិះយកទៅបាត់ មានឈ្មោះ ជាង ជិនឡុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើតភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបាននគរបាលឃាត់ខ្លួនទៅតាមបណ្តឹងរបស់ជនរថគ្រោះ។
តាមសម្តី ជនរថគ្រោះ ជាម្ចាស់ម៉ូតូ បានឲ្យដឹងថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៣ ខែកក្កដា ១៣ថ្ងៃកន្លងទៅ ឈ្មោះ ជាង ជិនឡុង ជាអ្នកស្គាល់គ្នា បានបបួលខ្លួនទៅចូលក្លឹប មីតណាយ ផ្លូវវេងស្រេង ២នាក់ តែទៅដល់ក្នុងក្លឹប មានមនុស្ស៦នាក់ផ្សេងទៀត នៅអង្គុយចាំស្រាប់ ក្នុងនោះមានស្រីចំនួន៣នាក់ ហើយឈ្មោះជាង ជិនឡុង បានខ្ចីម៉ូតូ ទៅឲ្យមិត្តភ័ក្រ្តរបស់គេ ម្នាក់ទៀត ជិះដោយប្រាប់ថា ទៅឌុបមិត្តភ័ក្រ្ត មកចូលរួម បន្ថែមទៀត ហើយ ឈ្មោះ ឡុង ជិះម៉ូតូមួយគ្រឿងផ្សេង ចំណែក ម៉ូតូខ្លួន ត្រូវបាន ជន២នាក់ ជិះ ចាកចេញទៅបាត់។ អស់រយៈពេល១សន្ទុះធំ ទើបឈ្មោះ ឡុង មកវិញ តែមិនឃើញ ម៉ូតូរបស់ខ្លួន ចាំបាត់ៗ អស់រយៈពេល១យប់ នៅមិនឃើញ នាំគ្នាដើរស្វែងរកក៏មិនឃើញទើបឈ្មោះ ឡុង និងក្រុមគ្រួសារ សន្យាថា នឹងរកម៉ូតូយកមកប្រគល់ជូនវិញ។ ក្រោយពីដើរស្វែងរកចំនួន១៣ថ្ងៃហើយ នៅតែមិនឃើញជនរងគ្រោះសម្រេចទៅប្តឹង នគរបាលប៉ុស្តិ៍ចោមចៅ និងឃាត់ខ្លួនឈ្មោះ ជាង ជិនឡុង ជាអ្នកផ្តើមខ្ចីម៉ូតូ យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាល។
អស់រយៈពេល ជាច្រើនម៉ោងទៅហើយ ផ្អែកទៅតាមបណ្តឹងរបស់ជនរងគ្រោះ ប្តឹងពីបទសមគំនិត យកម៉ូតូខ្លួន ហើយត្រូវបាននគរបាលឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ដើម្បីសាកសួរបន្តទៅតាមនីតិវិធី៕
មតិយោបល់