(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ ខណ្ឌដូនពេញក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ លោក គួច ចំរើន និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក គុជ គឹម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការចុះទៅបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ខុសច្បាប់មួយកន្លែងទៀត ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៧០ ភូមិ១៩ សង្កាត់ស្រះចក។
សម្រាប់ប្រតិបត្តិការខាងលើនេះ លោក ចាន់ បណ្ឌិត នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះ បានដកហូតទូហ្គេមចំនួន ២គ្រឿង និងឃាត់បុរសចំនួន ២នាក់ ដែលមើលការខុសត្រូវ និងសន្តិសុខនៅទីតាំងហ្គេម នេះតែម្តង។ បុរសទាំង ២នាក់ ដែលត្រូវបានឃាត់ខ្លួននោះ រួមមានទី១ ឈ្មោះ ងួន វិចិត្រ ជាមេការ និងទី២ ឈ្មោះ ថូ ចន្ថា ជាសន្តិសុខ។
សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងសមត្ថកិច្ច ក៏បានចុះទៅបង្ក្រាបទីតាំងហ្គេម មួយកន្លែងផងដែរ ស្ថិតនៅសង្កាត់ស្រះចក ដោយដកហូតទូហ្គេមចំនួន១គ្រឿង និងសម្ភារមួយចំនួនទៀតផងដែរ។ សម្រាប់យុទ្ធនាការបង្ក្រាបទីតាំងហ្គេម និងល្បែងស៊ីសងគ្រប់ប្រភេទ នៅលើទឹកដីខណ្ឌដូនពេញ ត្រូវបានអភិបាលខណ្ឌលោក គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ចុះស្រាវជ្រាវ និងបង្ក្រាបមិនឲ្យសល់នោះទេ ពីព្រោះល្បែងទាំងនេះ វាជាមូលហេតុនាំឲ្យកើតឡើងបទល្មើសដូចជា គ្រឿងញៀន លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម៕
មតិយោបល់