ព័ត៌មានជាតិ

ធ្លាក់ចូលសមុទ្រ២ថ្ងៃ ទើបប្រទះឃើញសពអណ្តែតក្បែរច្រាំងសមុទ្រ

​ព្រះសីហនុៈ កម្មកទូកនេសាទម្នាក់ធ្លាក់ពីលើទូកចូលក្នុងទឹកសមុទ្រ បាត់ខ្លួន២ថ្ងៃទើបរក​ឃើញសព​អណ្តែតមកក្បែរច្រាំងសមុទ្រ កាល​ពី​រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦​។
​​
តាម​ប្រភព​ពីសមត្ថកិច្ចបាន​ឲ្យដឹងថា នៅរសៀលថ្ងៃទី១៨កក្កដា​នេះ គេបានរកឃើញសាកសពបុរសជាកម្មករទូកនេសាទម្នាក់ឈ្មោះ ភាព អាយុ៣០ឆ្នាំ ដែលធ្លាក់ពីលើទូកពេលកំពុងនេសាទនៅម្តុំកោះដែកគោល កាលពីយប់ថ្ងៃទី១៦កក្កដា ហើយប្រទះ​ឃើញអណ្តែតមកក្បែរច្រាំងសមុទ្រ។ ក្រោយបាត់ខ្លួនជិត២ថ្ងៃ ដែលតាមកម្មករទូកនេសាតដូចគ្នាអះអាងថា ជនរងគ្រោះធ្លាក់ទឹកសមុទ្រពេលដើរទៅបន្ទោបង់នៅកន្ទុយទូកក្នុងអាការៈស្រវឹងស្រា។

តាមចំលើយរបស់តៃកុងទូកឈ្មោះ ឈុន ថាវី ភេទប្រុស អាយុ៣២ឆ្នាំខ្មែររស់នៅក្រុម៣១ ភូមិ៣ សង្កាត់១ក្រុង ខេត្តព្រះសីហនុ បានប្រាប់ថា ឈ្មោះ ភាព ដែលធ្លាក់ទឹកនោះ គឺស្រវឹងស្រា ហើយដើរទៅបត់ជើងនៅកន្ទុយទូក បណ្តាលឲ្យធ្លាក់ទឹកបាត់រកពុំឃើញកាលពីនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅម៉ោង១៨:៣០នាទីត្រង់ចំនុចក្បែរកោះដែកគោល ខណៈដែរកម្មករនេសាទខាងលើបានធ្លាក់ទឹកបាត់។ ចំណែកម្ចាស់ទូកមានឈ្មោះ គង់ ភេទស្រី អាយុ៥៦ឆ្នាំខ្មែរស់នៅក្រុម១៥ ភូមិ៣ សង្កាត់៣ ​ខេត្តព្រះសីហនុ។

បច្ចុប្បន្ន សម្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យ​ ពិនិត្យរួចបានប្រគល់សាកសពឲ្យម្ចាស់ទូកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ព្រោះសាកសពគ្មានឪពុកម្តាយបងប្អូននោះទេដោយជាកូនកំព្រា៕

មតិយោបល់