ព័ត៌មានជាតិ

កុងតឺន័រ បើកទាក់ដើមក្ងោក បណ្ដាលឲ្យបាក់រលំសង្កត់លើរថយន្ត រងការខូចខាត

ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿង បើកបរមិនប្រយ័ត្ន ទៅទាក់ដើមក្ងោកមួយដើម នៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់រលើងចេញពីគល់ ដួលសង្កត់លើកាប៊ីនរថយន្ត បើកទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងម៉ុងឌីយ៉ាល់ តាមបណ្ដោយផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្ត១គ្រឿង ម៉ាកហ៊ីណូ ពណ៌បៃតងលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-2315 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវ២៣០ ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ មិនប្រយ័ត្នធ្វើឲ្យទូរកុងតឺន័រខាងក្រោយ ទាក់ដើមក្ងោកទំហំប្រមាណ៣ទឹកមួយដើម ដែលដុះលៀនចេញមកលើផ្លូវ បណ្តាលឲ្យដើមក្ងោកបាក់រលើងទាំងឬស និងដួលសង្កត់លើកាប៊ីនរថយន្តបង្ក ខូចខាតក្រពឹតទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក ក៏បានចុះលើរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏ចុះមកដល់ចំណុចកើតហេតុ និងបានរាយការណ៍ ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់ និងកាត់ដើមក្ងោកខាងលើ ដើម្បីយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រង់ចាំម្ចាស់ចូលខ្លួន មកធ្វើការដោះស្រាយ តាមផ្លូវច្បាប់ជាបន្តទៀត៕

មតិយោបល់