ព័ត៌មានជាតិ

ស្រ្ដីជាកម្មការិនីរោងចក្រម្នាក់ត្រូវរថយន្តធុនធំបុកស្លាប់ ខណៈបើកម៉ូតូឆ្លងផ្លូវត្រង់ចំណុចភ្លើងស្ដុប

កណ្តាល: រថយន្ដមួយគ្រឿង ខណ:បើកមកដល់ចំណុចភ្លើងស្ដុបក្រហមបានឈប់ លុះភ្លើងស្ដុបចេញសញ្ញាភ្លើងខៀវក៏បើកទៅមុខតិចៗ ស្របពេលនោះមានម៉ូតូមួយគ្រឿងបើកបរដោយស្រ្ដីម្នាក់ឆ្លងផ្លូវកាត់មុខរថយន្ដ បណ្ដាលឲ្យរថយន្ដកិនស្លាប់យ៉ាងអណោចអធ័ម នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ស្រ្ដីរងគ្រោះមានឈ្មោះ ផល ចាន់ណា អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូ Zoomer-X ពណ៌ខ្មៅ គ្មានស្លាកលេខ ។
រថយន្ដម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-7773 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដា Zoomer-X ពណ៌ខ្មៅគ្មានស្លាកលេខ បានបើកឆ្លងផ្លូវពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ មានរថយន្ត១គ្រឿងម៉ាក SCANIA ពណ៌ស បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ឈប់ស្ដុបរង់ចាំភ្លើងខៀវ ដើម្បីបន្ដដំណើរទៅមុខទៀត លុះស្ដុបមានសញ្ញាភ្លើងខៀវ អាទិភាព រថយន្ដក៏បន្តដំណើរទៅមុខតិចៗ ដោយមិនបានមើលម៉ូតូស្រ្ដីរងគ្រោះឆ្លងផ្លូវពីមុខរថយន្ត បណ្ដាលឲ្យរថយន្តបុកស្រ្ដីរងគ្រោះបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះដល់កន្លែងកើតហេតុ រួចពិនិត្យ វាស់វែង កសាងឯកសារយកមធ្យោបាយពាក់ព័ន្ធទាំង ២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់។

ករណីនេះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរខ្វះការប្រុងប្រយ័ត្នមិនឃើញម៉ូតូឆ្លងកាត់ ។ រីឯអ្នកបើកបរម៉ូតូ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។

ចំពោះសពស្រ្ដីរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់