ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! រថយន្តព្រូស បុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលស្លាកប៉ាណូពាណិជ្ជកម្ម បង្កការភ្ញាក់ផ្អើកទាំងយប់

ភ្នំពេញៈ បុរសម្នាក់ស្រវឹង បើករថយន្តតូយូតាព្រូសមួយគ្រឿងបោះពួយយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូត ទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលស្លាកប៉ាណូពាណិជ្ជកម្ម បណ្តាលឲ្យរថយន្តកល់ជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី៤ ខែកមរា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបណត់ប្រ៊ិជ តាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងស្រា បើករថយន្ត១គ្រឿង ម៉ាកតូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-5805 ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវ២០០៤ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បានរេចង្កូតជ្រុលទៅបុកទ្បើងខឿន សួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតបាក់បែក ព្រមទាំងបន្តទៅបុកបង្គោលស្លាកប៉ាណូពាណិជ្ជកម្មមួយបង្គោល បាក់ទ្រេតថែមទៀត។ ខណៈរថយន្តបង្ក បានកល់ជាប់នៅពីលើសួនច្បារពុះចែកទ្រូងផ្លូវ និងរងការខូចខាតក្រពឹតផ្នែកខាងមុខ ទៅមុខលែងរួច។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ បន្ទាប់ពីបង្កហេតុ អ្នកបើកបររថយន្ត បានប្រមូលសម្ភារៈចេញពីក្នុងរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់សម្រោល បន្សល់ទុកតែរថយន្ត ដែលរងការខូចខាតប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចរាយការណ៍ជូនជំនាញ ឲ្យចុះមកវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់