ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញនឹងប្រមូលទីសតឃាតដាក់កន្លែងតែមួយ

ភ្នំពេញៈ កន្លែង​សម្លាប់សត្វយកសាច់លក់ក្នុងរាជធានី​​ភ្នំ​ពេញ នឹងត្រូវ​ត្រួតពិនិត្យ​​ធ្វើ​ឲ្យ​មានភាពប្រសើរ​​ឡើង​​វិញ។ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ប្រកាសថា នឹងមានទីសតឃាតតែមួយកន្លែង ដើម្បី​​ងាយ​​​​ស្រួល​​គ្រប់​​គ្រង​ទាំង​ប្រភពសត្វ និង​អនា​ម័យ។
កន្លែងសម្លាប់សត្វពាហនៈ និងបក្សីនៅរាជធានីភ្នំពេញក្នុងពេលបច្ចុប្បន្ន ត្រូវបានគេមើល​​ឃើញ​​​ថា កំពុងមានភាពអនាធិបតេយ្យ ដោយមិនដឹងពីប្រភពច្បាស់លាស់ទាំងទីកន្លែងផលិត​កម្ម​ ​​សត្វ ជំងឺសត្វ អនាម័យ ជាដើម។ កន្លងមកនេះ មានជំងឺជ្រូកត្រចៀកខៀវ ត្រូវបាននាំចូល​ពី​​ប្រទេស​ជិត​​ខាងមកកាន់កម្ពុជា។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដានេះ បានជំរុញឲ្យមានការ​​​ចុះ​ពិនិត្យ និងស្រង់ចំនួនទីសតឃាតក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលផ្តុំឲ្យមាននៅទី​កន្លែងតែមួយ។ ការ​​​​ជំរុញនេះ ធ្វើឡើងក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចទៅឲ្យលោក ទឹម សាវុធ អនុប្រធាន​មន្ទីរ​​កសិកម្មរាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រងការងាររួមផ្នែកកសិកម្ម ​បសុ​សត្វ និង​បសុ​បក្សី។
លោកអភិបាល បញ្ជាក់ថា នឹងរៀបចំកន្លែងតែមួយសម្រាប់ធ្វើសតឃាត។ លោក ប៉ា សុជាតិវង្ស ថ្លែង​​ថា យើងឃើញថា ទីសតឃាតសព្វថ្ងៃមានភាពអនាធិបតេយ្យ និងគ្មានសណ្តាប់ធ្នាប់ ដោយ​កន្លែង​ខ្លះសម្លាប់សត្វ​ក្នុងផ្ទះក៏មាន។ យើងឃើញសាច់សត្វពាហនៈ និងបក្សី ត្រូវបានគេដឹកពី​គ្រប់​​ច្រក​ចូលក្នុងរាជធានីភ្នំពេញ ដោយមិនមានការវេចខ្ចប់ត្រឹមត្រូវ និងគិតគូរដល់ផ្នែកអនាម័យ និង​សុខ​​ភាពរបស់អ្នកបរិភោគ។ យើងមិនដឹងថា សាច់សត្វទាំងនោះ មានប្រភពមកពីណា និងមានជំងឺអ្វី ខ្លះនោះទេ។

លោកអភិបាល បានប្រាប់ឲ្យមន្ទីរកសិកម្មរាជធានីចុះពិនិត្យទីតាំងសម្លាប់សត្វ និងពិនិត្យ ផលិត​​​កម្ម​បសុ​សត្វ និង​បសុបក្សីឲ្យបានទៀងទាត់ ដើម្បីជាប្រយោជន៍ដល់សុភាពសាធារណៈ។

លោក ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង​ពិធីប្រកាស​​តែង​​តាំងនេះ បានថ្លែងថា ការគ្រប់គ្រងទីសតឃាតសព្វថ្ងៃមិនទាន់បានល្អ ហើយការដឹក​ជញ្ជូន​​​សាច់​​សត្វ​ពី​កន្លែងសម្លាប់ទៅកាន់តាមផ្សារនានាក្នុងរាជធានីភ្នំពេញ ក៏មានភាពរញ៉េរញ៉ៃ ដោយ​​ភាគ​​ច្រើន​​ដឹក​​តាម​ទោចក្រយានយន្ត(ម៉ូតូ)ទាំងមិនមានការវេចខ្ចប់ត្រឹមត្រូវ។ លោករដ្ឋលេខាធិការ ​ឲ្យ​​​ដឹង​​​​​ថា ក្រសួង​ជំនាញនឹងទិញម៉ាស៊ីនត្រួតពិនិត្យគុណភាពសាច់សត្វតម្លៃជាង៣០ម៉ឺនដុល្លារ សម្រាប់​​បម្រើ​ដល់​ការ​​ងារ​​បសុ​សត្វ និង​បសុបក្សី ក្នុងរាជធានីភ្នំពេញ។
អនុប្រធានមន្ទីរកសិកម្មរាជធានីដែលទើបទទួលបានភារកិច្ច បានទទួលយកបន្ទុកកិច្ចការនេះ និងបានសន្យាបំពេញ​ការ​ងារ​បសុ​សត្វ និង​បសុបក្សីឲ្យទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបានរដ្ឋសភាអនុម័ត កាលពីចុងឆ្នាំ២០១៥ ដើម្បី​បើកផ្លូវឲ្យរាជរដ្ឋាភិបាលបង្កើនប្រសិទ្ធភាពត្រួតពិនិត្យជំងឺសត្វ ការពារជំងឺសត្វ និង​​សុខ​ភាព សាធារណៈ។ ច្បាប់នេះ ក៏​​ជំរុញ​​​ការធ្វើពាណិជ្ជកម្មសត្វ រវាងប្រទេសកម្ពុជា និងប្រទេសដទៃ ដែល​​ធានា​​តាមស្តង់ដារផ្នែកអនាម័យ និងបំពេញក្របខណ្ឌរបស់​អង្គ​ការ​ពិភពលោក ក៏​ដូចជាការ​ពារ​ផលិត​កម្មសត្វ និងការពារបរិស្ថាន៕

photo_2016-07-28_12-47-42photo_2016-07-28_12-47-39photo_2016-07-28_12-47-41photo_2016-07-28_12-47-40

មតិយោបល់