ភ្នំពេញៈ បុរស២នាក់ ជិះម៉ូតូឌុបគ្នាបោះពួយយ៉ាងលឿន ទាំងបំពានភ្លើងសញ្ញាចរាចរណ៍ បានជ្រុលចង្កូតទៅបុករថយន្តហ្វត កំពុងបើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបណានជីង តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកហ្វតរ៉េនជ័រ ពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 012-7317 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវកម្ពុជាក្រោម។
លុះមកដល់ចំណុចកើតហេតុ ដោយសារភ្លើងសញ្ញាចរាចរណ៍ខៀវ ទើបរថយន្តខាងលើ បន្តដំណើរឆ្លងកាត់ផ្លូវ១៦ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបភី ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AG-8392 បើកបរដោយបុរស២នាក់ពីជើងទៅត្បូង តាមបណ្តោយផ្លូវ១៦៩ ក្នុងល្បឿនយ៉ាងលឿន ទាំងបំពានភ្លើងសញ្ញាចរាចរណ៍ ក៏ជ្រុលទៅបុករថយន្តខាងលើចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ ចំណែកឯម៉ូតូរងការខូចខាតខូចខាតយ៉ាងដំណំ។
ដោយទ្បែករថយន្តបង្ក ក្រពឹតទ្វារមួយចំហៀង ផ្នែកខាងឆ្វេង និងផ្ទុះពោងសុវត្ថិភាព។ ភ្លាមៗនោះ អ្នកបើកបររថយន្ត ភ័យខ្លាំងពេកក៏បន្ថែមល្បឿន ព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋឃើញហេតុការណ៍ បានជួយជិះដេញតាមពីក្រោយ និងស្ទាក់ចាប់បាន នៅត្រង់ចំណុចក្បែរអតីតរោងកុនលុច តាមបណ្តោយផ្លូវកែងនិងផ្លូវ១៩ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវរថយន្តសង្គ្រោះបន្ទាន់ បានមកដឹកយកទៅសង្គ្រោះភ្លាមៗ រីឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ និងទាក់ទងទៅជំនាញ ឲ្យមកវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់