ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្បួនសពបណ្ឌិត កែម ឡី បានទៅដល់វង្វង់មូលចោមចៅ (វីដេអូ)

ភ្នំពេញៈ នៅវេលាម៉ោង៩៖៤៥នាទី ព្រឹកនេះ ក្បាលក្បួនដង្ហែសពលោកបណ្ឌិត កែម ឡី បានមកដល់ចំណុចរង្វង់មូលចោមចៅ ហើយកំពុងឆ្ពោះទៅតាមបណ្ដោយផ្លូវជាតិលេខ៣ ខណៈរថយន្តដឹកសពបានមកដល់ចំណុចមុខសាកលវិទ្យាល័យភូមិន្ទ ហើយកន្ទុយក្បួននៅត្រឹមទីស្ដីការគណៈរដ្ឋមន្ត្រី។ នេះបើតាមការរាយការណ៍របស់ភ្នាក់ងារ Post News នៅក្នុងក្បួន។

ជម្រាបថា ខណៈរថយន្តដង្ហែសពលោក កែម ឡី បើកមកដល់ចំណុចលើស្ពានអាកាស៥មករា ស្តុបតិចណូ បានរលត់ម៉ាស៊ីន ហើយប្រជាពលរដ្ឋយ៉ាងច្រើនកំពុងសម្រុករុញរថយន្តឡើងលើស្ពាន ដើម្បីឆ្លងឲ្យផុតផងដែរ។

លោកបណ្ឌិត កែម ឡី អ្នកវិភាគផ្នែកនយោបាយ និងសង្គមដ៏ល្បីនៅកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ នៅកណ្ដាលក្រុងភ្នំពេញ កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត ស្ថានីយចាក់ប្រេងកាល់តិច ក្បែរស្តុបបូកគោ ខណៈលោកកំពុងអង្គុយផឹកកាហ្វេ។

គិតមកដល់ថ្ងៃទី២៤ ខែកក្កដានេះ សពលោកបណ្ឌិតត្រូវបានតម្កល់ទុកធ្វើបុណ្យនៅវត្តពោធិយារាម ហៅវត្តចាស់ ចំនួន១៥ថ្ងៃគត់ ដើម្បីឲ្យប្រជាពលរដ្ឋអ្នកគោរពស្រឡាញ់ មន្ត្រីរដ្ឋាភិបាល មន្ត្រីគណបក្សនយោបាយ មន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រីការទូត សាធារណជន និងភ្ញៀវជាតិអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្តសពជាលើកចុងក្រោយ។

តាមគម្រោងសពលោក កែម ឡី ត្រូវដង្ហែទៅបញ្ចុះនៅស្រុកកំណើតរបស់លោក ស្ថិតក្នុងភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕

https://youtu.be/bPGSeyPCpLo

មតិយោបល់