ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ស្គាល់អត្តសញ្ញាណឃាតក បាញ់សម្លាប់គូដណ្ដឹងខ្លួនហើយ ជនសង្ស័យជាទាហាន នៅអង្គភាព ង៧០

ភ្នំពេញ: ករណីឃាតកម្មនារីម្នាក់ ត្រូវបុរសជាគូដណ្ដឹង បាញ់សម្លាប់ កាលពីវេលាម៉ោងប្រហែល ១២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ផ្ទះលេខ H-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល ពេលនេះ សមត្ថកិច្ច បានកំណត់មុខសញ្ញាជនសង្ស័យហើយ។

ជនសង្ស័យឈ្មោះ យឺន វណ្ណដេត អាយុប្រហែល៣០ឆ្នាំ មុខរបរជានាយទាហាន នៅអង្គភាព ង៧០ មានឋានន្តរសក្តិវរសេនីយត្រី។ ចំណែកជនរងគ្រោះឈ្មោះ ជុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរនិសិត្សពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ (ម៉ាកឡុក ) ចំកញ្ចឹង.ក ។ អ្នកទាំង២ ជាគូដណ្ដឹងនឹងគ្នា ដែលទើបភ្ជាប់ពាក្យ ក្នុងអំឡុងខែកញ្ញា ២០១៩ ហើយគ្រោងចូលការ នាខែមីនា ឆ្នាំ២០២០ ខាងមុខ។

ដំណើររឿង៖ មុនកើតហេតុ ជនសង្ស័យ នៅក្នុងផ្ទះជាមួយជនរងគ្រោះ មួយសន្ទុះក្រោយមក ស្រាប់តែឮស្នូរផ្ទុះអាវុធចំនួន ២គ្រាប់ ហើយឃើញជនសង្ស័យបីជនរងគ្រោះ ចេញមកខាងក្រៅ ហៅកង់បីឥណ្ឌា ដឹកនារីរងគ្រោះ ទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះ តែដោយរបួសធ្ងន់ពេក ទើបជនរងគ្រោះ បានស្លាប់ពេលបញ្ជូនបានពាក់កណ្តាលផ្លូវ។

បន្ទាប់ពីទទួលបានដំណឹងនេះ សមត្ថកិច្ច បានចុះមកត្រួតពិនិត្យ នៅទីតាំងកើតហេតុ ទើបផ្អើលឆោឡោតែម្តង។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតខេត្តកំពង់ស្ពឺ រី​ឯជនសង្ស័យ សមត្ថកិច្ច កំពុងតាមចាប់ខ្លួន យកមកផ្តន្ទាទោសចាត់ការតាមនីតិវិធី៕

មតិយោបល់