ព័ត៌មានជាតិ

ស្លុតចិត្ត! ជនរងគ្រោះជាកូនមន្ត្រីពន្ធដារខេត្តកំពង់ស្ពឺ ដែលត្រូវជនសង្ស័យជាទាហាន ង៧០ បាញ់សម្លាប់ ជិតដល់ថ្ងៃចូលរោងការហើយ

ភ្នំពេញ: មុននឹងឈានដល់ការបាញ់សម្លាប់គូដណ្ដឹង ជនសង្ស័យបានហៅនារីរងគ្រោះ ទៅផ្ទះរបស់ខ្លួន ដើម្បីពិភាក្សារឿងរើសសម្អាងការ តែមិនដឹងថា មានទាស់ពាក្យសម្ដី ឬយ៉ាងណា ទើបមានការផ្ទុះអាវុធបែបនេះ។

ករណីឃាតកម្មនេះ បានកើតទ្បើងកាលពីវេលាម៉ោងប្រហែល ១២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ផ្ទះលេខ H-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យឺន វណ្ណដេត អាយុប្រហែល ២៤ឆ្នាំ មុខរបរជានាយទាហាន នៅអង្គភាព ង៧០ មានឋានន្តរសក្តិវរសេនីយត្រី។ ជនរងគ្រោះឈ្មោះ ជុន ឌីណា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរនិសិត្សពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ (ម៉ាកឡុក ) ចំកញ្ចឹង.ក មានម្ដាយប្រកបមុខរបរ ជួលរោងការបុណ្យ និងឪពុកជាមន្រ្តីពន្ធដារខេត្តកំពង់ស្ពឺ។

ជនរងគ្រោះ និងជនសង្ស័យ ជាគូដណ្ដឹងនឹងគ្នា ដែលទើបភ្ជាប់ពាក្យ ក្នុងអំឡុងខែកញ្ញា ២០១៩ ហើយគ្រោងចូលរោងការ នាខែមីនា ឆ្នាំ២០២០ ខាងមុខ។

ដំណើររឿង៖ មុនកើតហេតុ ជនសង្ស័យ នៅក្នុងផ្ទះជាមួយជនរងគ្រោះ មួយសន្ទុះក្រោយមក ស្រាប់តែឮស្នូរផ្ទុះអាវុធចំនួន ២គ្រាប់ ហើយឃើញជនសង្ស័យបីជនរងគ្រោះ ចេញមកខាងក្រៅ ហៅកង់បីឥណ្ឌា ដឹកនារីរងគ្រោះ ទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះ តែដោយរបួសធ្ងន់ពេក ទើបជនរងគ្រោះ បានស្លាប់ពេលបញ្ជូនបានពាក់កណ្តាលផ្លូវ។

បន្ទាប់ពីទទួលបានដំណឹងនេះ សមត្ថកិច្ច បានចុះមកត្រួតពិនិត្យ នៅទីតាំងកើតហេតុ ទើបផ្អើលឆោឡោតែម្តង។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវដឹកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកសាច់ញាតិ លុះព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រីឯជនសង្ស័យ សមត្ថកិច្ច កំពុងតាមចាប់ខ្លួន យកមកផ្តន្ទាទោសចាត់ការតាមនីតិវិធី។

សូមបញ្ជាក់៖ មុនពេលកើតហេតុជនសង្ស័យ បានបង្ហោះសារតាមបណ្ដាញសង្គមថា «ជីវិតខ្ញុំបែបកែមិនឡើងទេ ខំត្រុកៗរាល់ថ្ងៃ គ្មានទេអ្នកឲ្យតម្លៃ មានតែអ្នកជាន់ពន្លិច ពិបាកមិនដឹងត្រូវថ្លែងប្រាប់នរណា ទ្រាំបានទ្រាំសិនទៅ អស់ទ្រាំចាំគិតទៀត ជីវិតអីខុសគេម្ល៉េះ»។

យោងតាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះបានប្រាប់ Post News ថា អ្នកទាំង ២ បានស្រឡាញ់គ្នាអស់រយ:ពេល ៥ឆ្នាំមកហើយ ទើបតែគ្រោង នឹងរៀបការនៅខែមីនា ឆ្នាំ២០២០ខាងមុខនេះហើយ គាត់បន្តទៀតថា កាលពីម្សិលមិញ អនាគតកូនប្រសារ បានទំនាក់ទំនងហៅកូនស្រីគាត់ ឲ្យមកផ្ទះខ្លួន ដើម្បីពិភាក្សារកសម្អាងការ ស្រាប់តែកើតបញ្ហានេះទៅ៕

មតិយោបល់