ព័ត៌មានជាតិ

ប្លន់ទៀតហើយ! ដោយមិនរំខាន លោកអធិការខណ្ឌដូនពេញ

ភ្នំពេញៈ យុវជនម្នាក់ ទើបតែចេញមកពីធ្វើការ បានជិះម៉ូតូ ១គ្រឿងម៉ាក Zoomer-X ស៊េរី ២០១៨ ទៅផ្ទះ ត្រូវបានក្រុមចោរ ស្ទាក់វាយប្លន់ បានសម្រេច បណ្ដាលឲ្យរងរបួសយ៉ាងដំណំ (បែកក្បាល)។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទី ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវR6 ត្រង់ចំណុចក្បែរនឹងក្លឹបអ៊ីពេជ្រ២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ច័ន្ទ ទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើការនៅសណ្ឋាគារបៃតង ស្នាក់នៅម្តុំទួលសង្កែ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពុងចាម។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាក Zoomer-X ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HN-6023 ធ្វើដំណើរឌុបគ្នា២នាក់មិត្តភក្ដិ បំណងជូនមិត្តទៅសណ្ឋាគារមួយទៀត នៅផ្លូវ១៦៣ ហើយក៏បន្តជិះទៅផ្ទះខ្លួនវិញ ដោយធ្វើដំណើរមកតាមបណ្តោយផ្លូវR6 ក្តាន់ពីរ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ឈប់នៅចញ្ចើមផ្លូវ ហើយហៅជនរងគ្រោះឲ្យគាត់ឈប់ម៉ូតូ រួចហើយសូមទៅជាមួយ ប៉ុន្តែពេលភ្លាមៗនោះ ជនរងគ្រោះ ឲ្យលុយ១ម៉ឺនរៀលឲ្យទៅជនសង្ស័យ បម្រុងនឹងបើកម៉ូតូជិះចេញ ក៏ត្រូវជនសង្ស័យម្នាក់ទៀត លួចវាយក្បាលជនរងគ្រោះចំពីក្រោយ បណ្តាលឲ្យដួលសម្លប់ ហើយជនសង្ស័យខាងលើ បានយកម៉ូតូជនរងគ្រោះ
ជិះគេចទៅបាត់ ដោយសុវត្ថិភាព។

មួយសន្ទុះក្រោយមក ក៏មានបងប្អូនជនរងគ្រោះ មកដល់ទីតាំងខាងលើ ហើយបញ្ជូនជនរងគ្រោះទៅព្យាបាល នៅឯគ្លីនិកក្បែរនឹងផ្សារសាំហាន់។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ច តាមចាប់ជនសង្ស័យ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ក្នុងខណ្ឌដូនពេញ មួយរយៈចុងក្រោយនេះ ហាក់បីដូចជាមិនថមថយ នូវបទល្មើសទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ ម៉្យាងវិញទៀត គេសង្កេតឃើញថា សម្បូរទៅដោយល្បែងស៊ីសង ហ្គេមអនទ្បាញ បើកយ៉ាងរលូន មិនទាន់មានអាជ្ញាធរណា ចុះបង្ក្រាបនោះទេ។

ពលរដ្ឋសំណូមពរទៅលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ជំរុញមន្ត្រីក្រោមឱវាទ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ឲ្យបានផង កុំបណ្ដែតបណ្ដោយ ឲ្យមានតទៅទៀត តើភូមិឃុំមានសុវត្ថិភាព នៅត្រង់ណា៕

មតិយោបល់