ព័ត៌មានជាតិ

អគ្គិភ័យឆេះរាលដាលមកពីប្រទេសថៃ បណ្ដាលឲ្យដំណាំអំពៅជាង ១ហិចតា រងការខូចខាត នៅស្រុកបរយ៉ាខា

ប៉ៃលិន: នៅវេលាម៉ោងប្រហែល ១និង០០នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានករណីភ្លើងឆេះមួយករណី ចំណុចទួលរំដេង ចន្លោះបង្គោលឡាក់លេខ៦៦-៦៧ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បណ្តាលឲ្យឆេះដំណាំអំពៅចំនួនជាង ១ហិចតា និងមិនបណ្តាលឲ្យប៉ះពាល់ដល់ផ្ទះសំបែងប្រជាពលរដ្ឋ ឬបង្កឲ្យមានមនុស្សរងរបួសនោះទេ ការឆេះនេះគឺបណ្តាលមកពីភ្លើងឆេះរាលចេញមកពីទឹកដីប្រទេសថៃ ។

ម្ចាស់ចម្ការឈ្មោះ ជា ឌឿន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ អូក គីម ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំខាងលើ ។

បច្ចុប្បន្នរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តចំនួន ០៣គ្រឿង និងប្រើប្រាស់ទឹកចំនួន ០៣រថយន្ត ហើយភ្លើងគឺមិនទាន់រលត់ទាំងស្រុងនោះទេ ពេលនេះគឺកំពុងប្រតិបត្តិការណ៍បាញ់ពន្លត់ជាបន្ត៕

មតិយោបល់