ភ្នំពេញៈ បុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក រ៉េនរ៉ូវើល ពណ៌ខ្មៅ បើកឆ្លងស្តុបបែកជាបួន មិនប្រយ័ត្ន ត្រូវម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា អកហ្សើចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកក្បាលរថយន្តចំពេញទំហឹង បណ្តាលឲ្យរងការខូចខាត និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវ១០៦ ត្រង់ចំណុចកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត ១គ្រឿង ម៉ាករ៉េនរ៉ូវើល ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-0007 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវ
១០២។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបើកឆ្លងស្តុបបែកជាបួនទៅត្រង់ជិតផុតទៅហើយ
ស្រាប់តែមានម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា ១គ្រឿង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ1GR-2561 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ពីត្បូងទៅជើង
ក្នុងល្បឿនយ៉ាងលឿន ហើយបានអកហ្សើចាប់ហ្វ្រាំងពីចម្ងាយមិនទាន់ ក៏ជ្រុលទៅបុកចំក្បាលរថយន្តរ៉េនរ៉ូវើលចំពេញទំហឹង បណ្តាលឲ្យបែកចង្កៀងមុខ និងក្រពិតទ្វារខាងឆ្វេង រីឯម៉ូតូឡាំម៉ាតាកង់បីឥណ្ឌាវិញ ក្រឡាប់ផ្ងារជើងឡើងលើ និងខ្ទេចអស់មួយជំហៀងខាងស្តាំ ធ្លាក់កញ្ចក់ចេញមកក្រៅ រងរបួសធ្ងន់ម្ចាស់សន្លប់ស្តូកស្តឹង នៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនោះ រថយន្តរ៉េនរ៉ូវើល បានបើករត់គេចខ្លួនបានចម្ងាយប្រហែលជាជិត ២០០ម៉ែត្រ ក៏ឈប់រថយន្តត្រលប់ទៅកន្លែងកើតហេតុវិញ។
មួយសន្ទុះក្រោយមក ក៏មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មី ដឹកយកជនរងគ្រោះយកទៅព្យាបាលបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ នៃអធិការដ្ឋានខណ្ឌដូនពេញ បានធ្វើការវាសវែង និងប្រគល់បន្ត ទៅខាងការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕
មតិយោបល់